(កៀវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ អោយដឹងថា អ៊ុយក្រែនបាននិយាយថារុស្ស៉ីបានចាប់ផ្ដើមវាយលុកលើតំបន់ភាគខាង កើតនៃប្រទេសហើយ ដោយស្នូរផ្ទុះជាច្រើនលាន់ឮនៅតាម បណ្ដោយសមរភូមិទាំងអស់ រួមទាំង តំបន់ជាច្រើនទៀតផងដែរ។
នៅក្នុងសុន្ទរកថាជាវីដេអូមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា រុស្ស៉ីបានចាប់ផ្ដើមវាយយកតំបន់ដុនបាស់ (Donbas) នៃភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីថ្ងៃ ចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយកងទ័ពរុស្ស៉ីមួយភាគធំកំពុងផ្តោត លើការវាយលុកនេះ ដែលជាដំណាក់កាលទី២នៃសង្រ្គាមអ៊ុយក្រែន។
តែទោះជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី នៅតែអំពាវនាវឱ្យប្រជាជនអ៊ុយក្រែនជឿទុកចិត្ត លើសមត្ថភាពកងទ័ពអ៊ុយក្រែន ដោយសង្កត់ ធ្ងន់ដូច្នេះថា «មិនថារុស្ស៉ីបញ្ជូនកងទ័ពប៉ុន្មាននាក់ទៅ កាន់ទីនោះនោះទេ, យើងនឹងតស៊ូប្រយុទ្ធ។ យើងនឹងការពារទឹកដីរបស់យើង»។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន, ស្នូរផ្ទុះជាច្រើនបានលាន់ឮជាបន្តបន្ទាប់ នៅតាម បណ្ដោយសមរភូមិទាំងអស់នៅក្នុងតំបន់ ដូណេត ក្នុងនោះរួមមានទីក្រុង ម៉ារីនកា (Marinka), ស្លាយ៉ាន់ (Slavyansk) និងក្រាម៉ាទ័ស (ramatorsk)៕