(ឌូបៃ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បាននិយាយ នៅក្នុងពិធីធ្វើព្យុហយាត្រាយោធាមួយ នៅថ្ងៃចន្ទនេះថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នឹងកំណត់ គោលដៅចំចំណុចកណ្ដាលអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែលហ៊ានធ្វើ «ចលនាតិចតួច ក៏ដោយ» ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។
លោក Ebrahim Raisi បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «ប្រសិនបើអ្នកហ៊ានធ្វើ ចលនាតែបន្តិចក៏ដោយ ប្រឆាំងនឹងជាតិរបស់យើង… ទិសដៅកងកម្លាំងប្រដាប់អាវុធរបស់យើង នឹងសំដៅចំចំណុចកណ្ដាលនៃប្រទេសអ៉ីស្រាអែល»។ លោកប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងបែបនេះ កំលុងពិធីព្យុហយាត្រាយោធាមួយ ដើម្បីអបអរទិវាកងទ័ពរបស់ប្រទេសអ៊ីរ៉ង់។
អ៊ីស្រាអែលវិញ ដែលត្រូវគេជឿថា ជាប្រទេសតែមួយគត់នៅតំបន់មជ្ឈិមបូព៌ា ដែលមានអាវុធនុយ ក្លេអ៊ែរ បាននិយាយថា ខ្លួននឹងមិនត្រូវចងភ្ជាប់ដោយ កិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយឡើយ ហើយនៅទីបំផុតអាចនឹងធ្វើសកម្មភាពដោយឯកតោភាគី លើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់៕