(កៀវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា ទាហានអ៊ុយក្រែនបានប្ដេជ្ញាថាពួកគេនឹងតស៊ូប្រយុទ្ធរហូតដល់ដង្ហើម ចុងក្រោយ នៅឯទីក្រុងម៉ារីយូប៉ូល បន្ទាប់ពីឱសានវាទរបស់ រុស្ស៉ីបានផុតកំណត់ នៅក្នុងទីក្រុងកំពង់ ផែនៃតំបន់សមុទ្រខ្មៅមួយនេះ ជាទីដែលស្ថិតនៅក្រោមផែនការប្រកាសពីជ័យជម្នះដ៏ធំមួយរបស់ មូស្គូ។ ក្រសួងការពារជាតិរុស្ស៉ី បានដាក់ឱសានវាទឱ្យទាហានអ៊ុយក្រែន ដែលនៅសេសសល់ក្នុង ទីក្រុង ម៉ារីយូប៉ូល (Mariupol) ទម្លាក់អាវុធ សុំចុះចាញ់ឱ្យបានមុនម៉ោងមួយរសៀល កាលពីថ្ងៃ អាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ជាមួយការព្រមានថាអ្នកដែលរឹងទទឹង នឹងត្រូវ បានកម្ទេច ឬសម្លាប់។
តែទោះជាបែបនេះក្ដី, នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្ម៉ីហាល់ (Denys Shmyhal) បានអះអាងថាទាហានអ៊ុយក្រែនឹងមិនទម្លាក់ អាវុធចុះចាញ់ជាដាច់ខាត។ លោកបានបញ្ជាក់ដូច្នេះថា «យោធា, ទាហានរបស់យើងនៅតែបន្តស្ថិតនៅទីនោះ (ទីក្រុងម៉ារីយូប៉ូល) ដូច្នេះពួកគេនឹងប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយ»។
សូមជម្រាបថា បើតាមក្រសួងការពារជាតិរុស្ស៉ី ទាហានស៊ីឈ្នួល ៤០០នាក់កំពុងស្ថិតនៅក្នុងរោង ចក្រដែកថែប អាហ្សូវស្ទល់ (Azovstal) ដែល កំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ ហើយបានប្រាប់ ទាហានទាំងនេះឱ្យទម្លាក់អាវុធសុំចុះចាញ់ ដើម្បីសង្រ្គោះជីវិតរបស់ពួកគេ។ មិនតែប៉ុណ្ណោះ មូស្គូក៏ បានចោទប្រកាន់ដែរថាទីក្រុងកៀវបានបញ្ជាឱ្យកងវីរសេនាតូចអាហ្សូវ (Azov) បាញ់សម្លាប់ទាហាន ដែលចង់ ឬសុំចុះចាញ់៕