អាមេរិក អង់គ្លេស អូស្ត្រាលី នឹងសហការគ្នាអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង


 (ឡុងដ៍)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី នៅថ្ងៃអង្គារសប្ដាហ៍ នេះបាននិយាយថាពួកគេនឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍសមត្ថភាពអាវុធ ឬមីស៊ីល ល្បឿនលឿនជាងសំឡេង និងប្រព័ន្ធ electronic warfare នៅក្រោមក្របខណ្ឌនៃសម្ព័ន្ធភាពសន្តិ សុខត្រីភាគី AUKUS ដែលត្រូវបានបង្កើតឡើងក្នុងចេតនាខ្ទប់ឥទ្ធិពលចិន។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីបានបញ្ជាក់ដូច្នេះ ថា «យើង…បានប្ដេជ្ញាចិត្តនៅថ្ងៃនេះថានឹង ចាប់ផ្ដើមកិច្ចសហប្រតិបត្តិការត្រីភាគីថ្មីមួយ លើការ អភិវឌ្ឍសមត្ថភាពអាវុធល្បឿនលឿនជាងសំឡេង, អាវុធទប់ទល់នឹងអាវុធល្បឿនលឿនជាង សំឡេង និងប្រព័ន្ធ electronic warfare ព្រមទាំងពង្រីកការចែករំលែកព័ត៌មាន ក៏ដូចជាពង្រឹងកិច្ចសហ ប្រតិបត្តិការលើការច្នៃប្រឌិតខាងវិស័យ ការពារជាតិផងដែរ»

សូមជម្រាបថា រុស្ស៊ី ចិន សហរដ្ឋអាមេរិក និងកូរ៉េខាងជើង សុទ្ធតែបានដឹកនាំការធ្វើតេស្ដមីស៊ីល ល្បឿនលឿនជាងសំឡេង តែព្រមពេលជាមួយគ្នា រុស្ស៊ី ត្រូវបានគេមើលឃើញថាកំពុងនាំមុខគេលើ បច្ចេកវិទ្យាអាវុធប្រភេទនេះ ដោយកាលពីប៉ុន្មានសប្ដាហ៍មុន មូស្គូបានប្រើប្រាស់ជាក់ស្ដែងនូវមីស៊ីល ល្បឿនលឿនជាងសំឡេង វាយប្រហារកម្ទេចគោលដៅនៅក្នុងប្រទេសអ៊ុយក្រែន៕