មន្រ្តីជាន់ខ្ពស់ការបរទេស លើកឡើងថា កម្ពុជាត្រៀមជានិច្ចសម្រាប់ការធានាសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី

 (ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ប្រទេសកម្ពុជាត្រៀមខ្លួនជានិច្ចសម្រាប់ការធានានូវសន្តិភាព វិបុលភាព និងកិច្ច សហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី។

ការលើកឡើងបែបនេះរបស់ឯកឧត្តម សុខ សូកេន បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយ លោក Kairat SARYBAY ប្រធានប្រតិបត្តិនៃសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាង ទំនុកចិត្តនៅអាស៊ី (Conference on Interaction and Confidence Building Measures in Asia – CICA) នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ។

តាងនាមឱ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរ ជាតិ, ឯកឧត្តម សុខ សូកេន បានវាយតម្លៃខ្ពស់ចំពោះ CICA ដែលជាវេទិកាពហុភាគីដ៏ មានប្រសិទ្ធភាពមួយដែលជំរុញកិច្ចសហ ប្រតិបត្តិការ និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរ ភាពនៅក្នុងតំបន់អាស៊ី និងសកលលោកផងដែរ។

ឯកឧត្តម សុខ សូកេន ក៏បានអបអរសាទរដល់ប្រទេសកាហ្សាក់ស្ថាន ដែលបានបន្តអាណត្តិរបស់ ខ្លួនជាប្រធាន CICA សម្រាប់ឆ្នាំ ២០២២-២០២៤ និងការប្រារព្វខួប៣០ឆ្នាំរបស់ CICA។ ទន្ទឹមនឹងនេះ កម្ពុជាបានផ្ញើនូវរឿងព្រេង រួមជាមួយនឹងរូបភាព និងសំណេរពីតំបន់អេកូទេសចរណ៍ សំខាន់ៗ របស់កម្ពុជា ទៅកាន់លេខាធិការដ្ឋាន CICA ដើម្បីបោះពុម្ពនិងផ្សាយពីពិពិធភាពនៃវប្ប ធម៌ដ៏សម្បូរបែបរបស់តំបន់អាស៊ី សម្រាប់អបអរសាទរពេលវេលា ដ៏ឧត្តុង្គឧត្តមនេះ។

ក្នុងនាមជាឧត្តមមន្ត្រីកម្ពុជា សម្រាប់យន្តការ CICA លោកបានគូសបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្ត របស់កម្ពុជា ក្នុងការត្រៀមខ្លួនជាស្រេចចូលរួមក្នុងដំណើរការ CICA ជាមួយបណ្ដាប្រទេសសមាជិក ដទៃទៀត ដើម្បីធានានូវសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី។ ជាការឆ្លើយតប លោក Kairat SARYBAY បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានចូលរួម យ៉ាងសកម្មក្នុងដំណើរការ CICA ជាពិសេសចាប់តាំងពីកម្ពុជាក្លាយជាសមាជិក CICA ក្នុងឆ្នាំ ២០១១ មក។ ប្រធានប្រតិបត្តិរូបនេះ ក៏បានអបអរសាទរកម្ពុជា ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ាន ក្នុងឆ្នាំ២០២២ និងបានសន្យាថានឹងខិតខំសហការជាមួយកម្ពុជាបន្ថែមទៀត ក្នុងគោលបំណងរួម ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមរួមនៅតំបន់អាស៊ី។

ឆ្លៀតក្នុងឱកាសនោះលោកក៏បានប្រគល់ជូននូវលិខិតអញ្ជើញផ្លូវការរបស់ប្រធានាធិបតីកាហ្សាក់ស្ថានជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងនូ-ស៊ុលតង់ សាធារណរដ្ឋកាហ្សាក់ស្ថាន។

លោក Kairat SARYBAY និងគណៈប្រតិភូ CICA ក៏មានជំនួបដោយឡែកជាមួយលោក បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងជាឥស្សរជនឆ្នើមរបស់កម្ពុជាសម្រាប់ CICA និងតំណាងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាស្ថាប័នស្រាវជ្រាវតំណាងកម្ពុជាសម្រាប់វេទិកា ស្ថាប័នស្រាវជ្រាវ CICA (CICA Think Tank Forum) ផងដែរ៕