(វ៉ាស៊ីនតោន)៖ តាមក្រសួងការបរទេសចិន និងអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារ ព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ អោយដឹងថា មន្ត្រីការទូតជាន់ខ្ពស់មក ពីប្រទេសចិន, សហរដ្ឋអាមេរិក, រុស្ស៊ី និងប៉ាគីស្ថាន នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំមួយក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋ កិច្ចយ៉ាងធ្ងន់ធ្ងរ។
ជុំវិញជំនួបខាងលើនេះដែរ អ្នកនាំពាក្យម្នាក់មកពីក្រសួងការបរទេសអាមេរិក បានឱ្យដឹងថាទីក្រុង វ៉ាស៊ីនតោនបានទទួលដំណឹងថាចិនបានអញ្ជើញ អ្នកតំណាងរដ្ឋាភិបាលតាលីបង់ឱ្យចូលរួមក្នុង កិច្ចប្រជុំដែលនឹងរៀបចំឡើងក្នុងទីក្រុងទុនហ្ស៊ី (Tunxi)។ ដោយឡែក បើតាមក្រសួងការបរទេស ចិន វិញ ប្រេសិតពិសេសចិនទទួលបន្ទុកកិច្ចការអាហ្វហ្កានីស្ថាន លោក យូ សៀវយ៉ុង (Yue Xiaoyong) នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិភាក្សាដែល មានឈ្មោះថា (Extended Troika) ឬជាកិច្ច ចរចារវាងមហាអំណាចចំនួន៣ បូកប៉ាគីស្ថាន។
សូមបញ្ជាក់ថា កិច្ចពិភាក្សានេះកើតមានឡើង នៅចំពេលពិភពលោកកំពុងផ្ដោតលើសង្រ្គាមនៅ អ៊ុយក្រែន ហើយអាហ្វហ្កានីស្ថានកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ បង្កឡើងដោយ សារការកាត់ផ្ដាច់ និងបង្កកហិរញ្ញវត្ថុ បន្ទាប់ពីក្រុមតាលីបង់ឡើងកាន់អំណាច នៅអាហ្វហ្កានីស្ថាន កាលពីខែសីហា ឆ្នាំ២០២១៕