ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម អាំចាទ អាលី ហ្សៀរ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានចប់អាណត្តិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានរដ្ឋសភា។
ក្នុងជំនួបនេះ លោក អាំចាទ អាលី ហ្សៀរ បានជម្រាបសម្តេចពីលទ្ធផលបេសកកម្មការទូត របស់ខ្លួនក្នុងរយៈពេល៦ឆ្នាំកន្លះមកនៅកម្ពុជាថា បានចូលរួមចំណែកក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប៉ាគីស្ថាន និងកម្ពុជាឲ្យកាន់តែរឹងមាំឡើង។ លោកថា រយៈពេលជាង ៦ឆ្នាំក្នុងការស្នាក់នៅកម្ពុជាលោកបានរៀនសូត្រនិងដកស្រង់បទពិសោធន៍ជាច្រើនពីកម្ពុជា ជាពិសេស ឯកឧត្តមបានចាត់ទុកកម្ពុជាហាក់ដូចជាស្រុកកំណើតរបស់ខ្លួនថែមទៀតផង។
លោកទូតមានប្រសាសន៍ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន ដែលមានតំាងពីយូរមក បានរីកចម្រើនរឹងមាំជាលំដាប់ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ស្ថាប័ននីតិប្បញ្ញត្តិសភាប្រទេសទំាងពីរបានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភា។ កាលពីពេល កន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំសភាប៉ាគីស្ថាន បានអញ្ជើញមកចូលរួមវេទិកាអន្តរសភា ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះបន្តបន្ទាប់រួមមាន មហាសន្និបាតប្រចំាឆ្នាំសភាតំបន់អាស៊ី និងកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកា សភាអាស៊ីប៉ាស៊ីហ្វិកជាដើម។ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅពេលវេលាសមស្របណាមួយផងដែរ។
ជាការឆ្លើយតបសម្តេចប្រធានរដ្ឋសភាបានទទួលយកការគោរពអញ្ជើញនេះ។ ជាមួយគ្នានេះ សម្តេច បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងអាណត្តិបេសកកម្មការទូតរបស់ លោក អាំចាទ អាលី ហ្សៀរ នៅកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថាន ឱ្យមានការរីកចម្រើនថែមមួយកំរិតទៀត។ សម្តេចសង្កត់ធ្ងន់ថា ស្នាដៃដ៏ប្រសើរនេះ មិនត្រឹមតែនាំមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាងប៉ុណ្ណោះទេ គឺបាន រួមចំណែកយ៉ាងខ្លាំងក្លាដល់ការថែរក្សាសុខសន្តិភាព នៅក្នុងតំបន់ និងសកលលោកថែមទៀតផង។
សម្តេចប្រធានរដ្ឋសភាកម្ពុជា បានអរគុណប៉ាគីស្ថានដែលបានបញ្ជូនអ្នកសង្កេតការណ៍ឋានៈខ្ពស់មកចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជាកាលពីឆ្នំា២០១៨កន្លងទៅ ព្រមទាំងបានគ្រំាទ្រដល់ដំណើរការនៃការបោះឆ្នោតនេះផងដែរ៕