(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត ដេវយ៉ានី ឃូ ប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងជំនួបពិភាក្សានោះក៏មានវត្តមាន លោកវរសេនីយ៍ ឯក វ៉ារ៉ាដាន គូម៉ា (Varadan Kumar) នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាមផងដែរ។ លោកស្រីបណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ បានថ្លែងអំណរគុណនាយ ឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតទទួលជួបពិភាក្សាការងារ ហើយបានអបអសាទរ និងគាំទ្រដល់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពលើក ទី១៩ សម្រេចបានលទ្ធផលផ្លែផ្កា។
លោកស្រីឯកអគ្គរដ្ឋទូតបានលើកឡើងពីកិច្ចសហប្រតិបត្តិការជិតស្និតរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ពិសេសលើជំនាញប្រតិបត្តិការរក្សាសន្តិភាព ហើយតទៅថ្ងៃខាងមុខ ឥណ្ឌាបានត្រៀម ជាស្រេច ក្នុងការឆ្លើយតបចំពោះតម្រូវការនានារបស់កងយោធពលខេមរភូមិន្ទ និងស្នើពិនិត្យលទ្ធ ភាពក្នុងការបង្កើតស្ថានអនុព័ន្ធយោធាឥណ្ឌានៅកម្ពុជា។
ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបជូនលោកស្រីបណ្ឌិតឯកអគ្គរដ្ឋទូត ឥណ្ឌា ពីស្ថានភាពបច្ចុប្បន្នដែលបញ្ហាប្រឈមជំងឺកូវីដ១៩មានភាពធូរស្រាល និងឈានទៅបើក ដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ភាពធូរស្រាល នៃការឆ្លងរាលដាលជំងឺកូវីដ ១៩នេះ មិនមែនជារឿងចៃដន្យនោះទេ គឺអាស្រ័យដោយមានការដឹកនាំពូកែ ប៉ិនប្រសប់ និងផ្លាស់ ប្តូរគ្រប់យុទ្ធវិធី ទាន់សភាពការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គួបផ្សំនឹងការ ចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋ និងការឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត។
ពាក់ព័ន្ធលើទំនាក់ទំនង នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានលើកឡើងពីចំណងការទូតរវាង ប្រទេសទាំងពីរ ដែលមានរយៈពេល ៧០ឆ្នាំមកហើយ ក្នុងនោះលើកិច្ចសហប្រតិបត្តិការយោធា ឥណ្ឌាបានជួយឧបត្ថម្ភទាំងសម្ភារ ថវិកា ពិសេសការបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទ ឲ្យក្លាយជាកងទ័ពមានសមត្ថភាពបំពេញបេសកកម្មក្រោមក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ។
នាយឧត្តមសេនីយ៍បានលើកឡើងពីការពិចារណានៅក្នុងការស្នើបើកស្ថានអនុព័ន្ធយោធាឥណ្ឌានៅកម្ពុជា និងសិក្សាជាមួយស្ថាប័នជំនាញពាក់ព័ន្ធ អំពីតម្រូវការនានារបស់កងយោធពលខេមរភូមិន្ទ ដើម្បីស្នើសុំឱ្យឥណ្ឌាបន្តជួយឧបត្ថម្ភ៕