(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារ រំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះ លោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន ចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះដ៏រន្ធត់ ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន ១៣២នាក់។
នៅក្នុងព្រះរាជសារព្រះមហាក្សត្របានមានព្រះបន្ទូលដូច្នេះថា៖ «ខ្ញុំពិតជាមានអារម្មណ៍សោកសៅជាខ្លាំងដែលបានទទួលដំណឹងថាយន្ដហោះមួយគ្រឿងដឹកអ្នកដំណើរ ១៣២នាក់ របស់ក្រុមហ៊ុនអា កាសចរណ៍ China Eastern Airlines បានធ្លាក់នៅឯតំបន់ភ្នំ ស្ថិតក្នុងតំបន់ក្វាងស៊ី (Guangxi) នៃភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។
នៅក្នុងរយៈពេលនៃទុក្ខសោកនេះ, សម្ដេចព្រះមហាក្សត្រីនរោត្ដមមុនីនាថសីហនុ ព្រះវររាជមាតា ជាតិខ្មែរ, គ្រួសាររាជវង្ស និងប្រជាជនកម្ពុជា ទាំងអស់ សូមចូលរួមជាមួយខ្ញុំ ដើម្បីចូលរួមរំលែកម រណទុក្ខយ៉ាងសោកសៅ ទៅកាន់ឯកឧត្ដម និងក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ។
យើងសូមបន់ស្រន់ចំពោះក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ហើយយើងជឿជាក់ថាពួកគេនឹងឆ្លង ផុតពេលវេលាដ៏សោកសៅមួយនេះ»។
សូមបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរ China Eastern ប្រភេទ Boeing 737-800 បានធ្លាក់នៅ ឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) កាលពីថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ កំលុងគោលដៅធ្វើដំណើរពី ទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)។
នៅលើយន្តហោះនោះ មានវត្តមានអ្នកដំណើរ១២៣នាក់ និងក្រុមការងារយន្តហោះ៩នាក់។ មន្រ្តីអាកាសចរណ៍ចិនមួយរូប នៅថ្ងៃពុធនេះ បានឱ្យដឹងថា ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅ ទាំង២ របស់យន្តហោះ ផ្ទុកអ្នកដំណើរផ្ទុកមនុស្ស១៣២នាក់ ដែលធ្លាក់កាលពីដើមសប្តាហ៍នេះ ត្រូវបានរកឃើញហើយ៕
ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ៖