(ម៉ូស្គូ)៖ រុស្ស៊ីគឺជាសមាជិកដ៏សំខាន់មួយនៃក្រុមប្រទេស G20 ហើយគ្មានសមាជិកណាមួយមាន សិទ្ធិបណ្ដេញរុស្ស៊ីចេញបានឡើយ។ ជាការលើកឡើង របស់អ្នកនាំពាក្យក្រសួងការបរទេសចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។
លោក វ៉ាង វិនប៊ីន (Wang Wenbin) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានខ្លី មួយកាលពីថ្ងៃពុធសប្ដាហ៍នេះ និងជាការឆ្លើយតបនឹង សំណួរពាក់ព័ន្ធនឹងព័ត៌មានដែលថាសហ រដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងវាយតម្លៃថាគួរ ឬមិនគួរដករុស្ស៊ីចេញពី G20។ លោកបន្ថែមថា G20 គឺជាវេទិកា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនាំឱ្យបណ្ដាប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗជួបជុំ គ្នា ហើយខណៈពិភពលោកកំពុងព្យាយាមស្ដារសេដ្ឋកិច្ចឱ្យងើប ចេញពីវិបត្តិ COVID-19, G20 មានទំនួលខុសត្រូវមិនអាចខ្វះបានក្នុងការដឹកនាំកិច្ចខិតខំប្រឹងនេះ។
សូមជម្រាបថា បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជា សម្ព័ន្ធមិត្តលោកខាងលិច កំពុងវាយតម្លៃថាតើរុស្ស៊ីគួរតែ បន្តស្ថិតនៅជាសមាជិកនៃក្រុមប្រទេស G20 ដែរឬយ៉ាងណា ក្រោយទីក្រុងម៉ូស្គូ ប្រើកម្លាំងយោធាលើអ៊ុយក្រែន ខណៈឥណ្ឌូណេស៊ីគឺជា ប្រធាន ប្ដូរវេន G20 ក្នុងឆ្នាំ២០២២នេះ៕