(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា (EuroCham Cambodia) ស្តីពីការ សិក្សាស្វែងយល់ និងការចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងជម្រាបប្រាប់ទៅប្រធានសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការទទួលជោគជ័យក្នុងដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះនៅកម្ពុជារយៈពេល ៣០ឆ្នាំកន្លងទៅនេះ ដែលមានការចូលរួមគាំទ្រពីដៃគូ អភិវឌ្ឍន៍ និងប្រទេសជាមិត្ត ជាពិសេសការទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមនយោបាយឈ្នះឈ្នះ នៅចុងឆ្នាំ១៩៩៨ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។
ជាមួយគ្នានេះ កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគម្រាមកំហែង ដោយសារមីននៅត្រឹមឆ្នាំ២០២៥ និងការបន្តដោះស្រាយបញ្ហានៅសេសសល់ដោយសារសំណល់ ជាតិផ្ទុះ ពីសង្រ្គាមក្រោយឆ្នាំ២០២៥។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដើម្បីគាំទ្រដល់ផែនការអាទិភាពរបស់រាជរដ្ឋាភិបាល និងឈានទៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» អាជ្ញាធរមីន បានរៀបចំនូវ គោលការណ៍ណែនាំស្តីពី ការអនុវត្តយន្តការភូមិអស់មីន ដែលនឹងធានាថា រាល់ចម្ការមីនទាំងអស់ ដែលមាននៅក្នុងភូមិត្រូវបានបោសសម្អាត ក្នុងគោលដៅជួយពន្លឿនដល់ការបោសសម្អាតមីន និងទាក់ទាញនូវការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា។
ឯកឧត្តម បន្តទៀតថា ការអនុវត្តយន្តការនេះ នឹងចាប់ផ្តើមអនុវត្តចេញពីភូមិមួយទៅភូមិមួយ និង ខេត្តដែលមានផលប៉ះពាល់ដោយសារមីនតិចតួច ជាក់ស្តែងអាជ្ញាធរមីន បានបញ្ចប់ដោយជោគជ័យ ក្នុងខេត្តកែប និងគ្រោងបញ្ចប់ការងារបោសសម្អាតមីននៅខេត្តព្រៃវែងខាងមុខនេះ ក្រោមការចូលរួម ជួយគាំទ្រពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យ សភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា ពិនិត្យលទ្ធភាព និងចូលរួមជួយគាំទ្រដល់ការ បោសសម្អាតមីននៅខេត្តកំពង់ចាមផងដែរ។
លោក Tassilo Brinzer បានសម្តែងនូវការសោកស្តាយចំពោះប្រទេសកម្ពុជា ដែលបានទទួលរង គ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាម ព្រមទាំងបានបន្សល់ទុកនៅគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេសបង្កឲ្យមានការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ។ ជាមួយគ្នានេះ លោកប្រធានសភាពាណិជ្ជកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរមីនជា សេនាធិការ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលកន្លងមក។
សភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា នឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុង ការងារ បោសសម្អាតមីនមនុស្សធម៌ព្រមទាំងកៀរគរនូវធនធានហិរញ្ញវត្ថុពីបណ្តាវិស័យឯកជននានាក្នុងក្របខណ្ឌសហគមន៍អឺរ៉ុប សម្រាប់គាំទ្រដល់ការងារបោសសម្អាតមីននៅខេត្តកំពង់ចាម ផងដែរ៕