(កណ្តាល)៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូ ម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវ នាវឱ្យរួមគ្នាគោរពច្បាប់ចរាចរណ៍ នៅពេលបើកបរ ខណៈជាមធ្យមនៅក្នុងមួយថ្ងៃមានមនុស្សស្លាប់ យ៉ាងតិចចំនួន ៥នាក់ ដែលវានឹងបង្កើតឱ្យមានបញ្ហាធ្ងន់ធ្ងរក្នុងសង្គមជាតិ។
បើតាមសម្តេចតេជោ បានឱ្យដឹងថា បច្ចុប្បន្ននេះករណីគ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមានមនុស្ស ស្លាប់ច្រើនជាង ជំងឺកូវីដ១៩ ទៅទៅទៀត ខណៈបច្ចុប្បន្ននេះ អ្នកស្លាប់ដោយសាជំងឺកូវីដ១៩ នៅថ្ងៃខ្លះមិនមាន១ករណីផង ហើយមួយវិញទៀតអ្នកកើតជំងឺកូវីដ១៩ អាចព្យាបាលជាសះស្បើយ ប៉ុន្តែ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនអាចបង្កឱ្យមនុស្សពិកា ឬអាចបាត់បង់ជីវិត ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «អ្វីដែលជាតម្រូវការបន្ថែមទៀតនោះ គឺអំ ពាវនាវឱ្យគោរពដល់ច្បាប់ចរាចរណ៍ កុំឱ្យមានផ្លូវហើយ បែរជាទៅនាំគ្នាស្រែកយំ ម្សិលមិញនេះ ប្រទេសរបស់យើងមានប៉ុន្មានករណី ក្នុងការគ្រោះថ្នាក់ចរាចរណ៍ មានចំនួន៩ករណី លើ៥រាជធានី-ខេត្ត បណ្តាលឱ្យស្លាប់ចំនួន៦នាក់ និងរបួសចំនួន៨នាក់ ពីម្សិលមិញ អញ្ចឹងរៀងរាល់ថ្ងៃមានមនុស្ស ៥ ឬ៨នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈកូវីដ១៩ ម្សិលមិញអត់មានស្លាប់នោះទេ ប៉ុន្តែ ម្សិលមិញ យើងមានមនុស្ស៦នាក់ បានស្លា់ដោយសារគ្រោះថ្នាក់ចរាចរណ៍…!»។
បើតាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ជារៀងរាល់ថ្ងៃសម្តេចបានត្រូវតាមដានរបាយ មួយចំនួនរួមមាន៖ របាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩, របាយការណ៍ពាក់ព័ន្ធនឹងស្ថាន ភាពសន្តិសុខ ជាពិសេសរបាយការណ៍ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលសម្តេចក្រឡា ហោម ស ខេង បញ្ជូនមកឱ្យ, របាយការណ៍ពាក់ព័ន្ធស្ថានភាពអគ្គិសនីនៅក្នុងប្រទេស និងការ នាំចូល សម្រាប់របាយការណ៍មួយទៀត គឺពាក់ព័ន្ធនឹងអាកាសធាតុជាដើម។
ជាមួយនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ជាច្រើនករណីក្នុងមួយថ្ងៃ ដែលបណ្តាលឱ្យមនុស្សជាមធ្យមចំនួន ៥នាក់ នៅក្នុង១ថ្ងៃ នេះ វានឹងបង្កើតឱ្យមានបញ្ហាសង្គមធ្ងន់ធ្ងរ ហើយចំពោះករណីនេះប្រសិនបើស្លាប់ចំមេគ្រួសារ តើមាននរណចិញ្ចឹមប្រពន្ធ កូន ចំណុចនេះវាជាបញ្ហាដែលត្រូវចូលរួម។
«យើងអំពាវនាវឱ្យមានការគោរព នូវច្បាប់ចរាចរណ៍ ហើយសូមប្រយ័ត្នកុំនាំគ្នាបន្ទោសអ្នកធ្វើផ្លូវ រឿង នេះខ្ញុំខានលើកប្រហែលជា១០ឆ្នាំហើយ នៅក្រាំងយ៉ូវ អង្កាលនឹងខ្ញុំទៅអភិវឌ្ឍន៍នៅក្រាំងយ៉ូវ ខណៈ កំពុងតែត្រួតពិនិត្យការសាងសង់ផ្ទះនៅក្រោយសាលារៀន ស្រាប់តែមានប្អូនស្រីម្នាក់ មកស្រែកឱ្យ សម្តេចសងថ្លៃជ្រូកដែលត្រូវឡានដឹកស្រូវបុកស្លាប់ ដោយបន្ទោសថាមកពីមានផ្លូវល្អ»។ នេះជាការរំឮកបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន៖
ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ថែមថា សូមកុំឱ្យទទួលបានផ្លូវល្អហើយ បែរជានាំ គ្នាស្រែកយំព្រោះគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ដូច្នេះ ការគោរពច្បាប់ចរាចរណ៍ គឺកាតព្វកិច្ចរបស់ យើងគ្រប់ៗ ដោយធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព អ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ ជាពិសេស មិនត្រូវបើកបរលើ្មសនឹងច្បាប់ចរាចរណ៍ជាដាច់ខាត ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា។
គួរជម្រាថាថា ជុំវិញការតាមដានស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះដែរ សម្តេចតេជោ ហ៊ុន សែន កាលពីថ្មីនេះ គ៏បានណែនាំឱ្យទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន ពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យបង្កើតតេឡេក្រាម (Telegram) ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរាយការណ៍ និងជួយថតផ្លាកលេខរថយន្តដែលល្មើសច្បាប់ចរាចរណ៍ ដើម្បីផាកពិន័យតាមច្បាប់ចរាចរណ៍ ផ្លូវគោក៕