វិមានក្រឹមឡាំង បាននិយាយថា រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើអាយុជីវិតប្រទេសជាតិរងការ គំរាមកំហែង


(ម៉ូស្គូ)៖  យោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា អ្នកនាំពាក្យនៃវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាន និយាយថា គោលនយោបាយសន្តិសុខរបស់រុស្ស៊ីបានកំណត់ថា ទីក្រុងម៉ូស្គូ នឹងប្រើប្រាស់អាវុធ នុយក្លេអ៊ែរ ប្រសិនបើអាយុជីវិតប្រទេសជាតិទាំងមូលរងការគំរាមកំហែង។

ការកត់សម្គាល់ខាងលើរបស់លោក ប៉េសកូវ ធ្វើឡើង នៅចំពេលសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានឈានចូលដល់ ៤សប្តាហ៍ហើយ ចាប់តាំងពីលោក ពូទីន បានប្រកាសបើកប្រតិបត្តិការយោធា នៅចំពោះមុខបណ្ដាប្រទេសលោកខាងលិចបារម្ភខ្លាចថាជម្លោះអាចបង្ករទៅជាសង្រ្គាមនុយក្លេអ៊ែរ។

ឆ្លើយតបនឹងសំណួរនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN នៅថ្ងៃអង្គារសប្ដាហ៍នេះថាតើ លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងសង្រ្គាមអ៊ុយក្រែនដែរឬទេ? លោក ប៉េសកូវ បាននិយាយថា «យើងមានគោលការណ៍សន្តិសុខសម្រាប់ប្រទេស ហើយជាទូទៅ ប្រសិន បើមាន ការគំរាមកំហែងណាមួយពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ យើងនឹងឆ្លើយតបវិញដោយការ ប្រើប្រាស់អាវុធប្រភេទ ដូចគ្នានេះ»

សូមបញ្ជាក់ថា កាលពីចុងខែកុម្ភៈកន្លងទៅ លោក ពូទីន បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ីស្ថិត នៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ ហើយផ្អែកតាម បទបញ្ជានេះ, ក្រសួងការពារជាតិរុស្ស៊ី កាលពី ថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅក៏បានដាក់កងកម្លាំងនុយក្លេអ៊ែរ រួមទាំងកងនាវាភាគខាងជើង និងប៉ាស៊ី ហ្វិក ស្ថិតក្រោមកាតព្វកិច្ចត្រៀមប្រយុទ្ធផងដែរ៕