សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា សមិទ្ធផលផ្លូវជាតិលេខ២១ ជាមោទនភាពសម្រាប់ជាតិ កម្ពុជា បើធៀបនឹង អតីតកាលផ្លូវមានសភាពចង្អៀត


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា សមិទ្ធផលផ្លូវជាតិលេខ២១ គឺជាមោទនភាព ជាមួយនឹងការរីកចម្រើនសម្រាប់ ជាតិកម្ពុជា បើធៀបនឹងអតីតកាល ដែលផ្លូវមានសភាពចង្អៀត។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូត ដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវយើងកសាងបាន (ផ្លូវជាតិលេខ ២១) នៅផ្លូវនេះហើយ យើងពិតជាមានមោទនភាព ជានឹងការរីកចម្រើន បើប្រៀបធៀបជាមួយផ្លូវ ចាស់ និងផ្លូវថ្មី, ផ្លូវចាស់របស់យើងតូចណាស់ កន្លែងខ្លះបានតែ៥ម៉ែត្រទេ»

បើតាមសម្ដេចតេជោ ហ៊ុន សែន ដើម្បីពង្រីកផ្លូវនេះ កម្ពុជាចំណាយថវិកាផ្ទាល់ខ្លួន អស់ ៩,៣៤៧,៩០៦ដុល្លារអាមេរិក ដើម្បីដោះស្រាយផលប៉ះពាល់។ ក្រៅពីនោះ បានប្រើប្រាស់ថវិកា ចំនួន៧៩៥,១១២ដុល្លាអាមេរិក សម្រាប់ការដោះស្រាយ បោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅប្រទេសកម្ពុជាយើងនេះ ទីកន្លែងណាក៏ត្រូវតែមាន ការប្រុងប្រយ័ត្ន នូវយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីចៀសវាងការដ្ឋានបើកចេញទៅ ប៉ះគ្រាប់មិនទាន់ផ្ទុះ ដែលអាចធ្វើឲ្យគ្រោះថ្នាក់ ដល់ជីវិតមនុស្ស។

លើសពីនោះទៀត សម្ដេចតេជោបន្ដថា ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ វាមិនមែនគ្រាន់ តែពាក់ព័ន្ធ ជាមួយអ្នកសាងសង់ផ្លូវទេ ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើង អាចនឹងរងគ្រោះក្នុងរយៈ ពេលវែង ដែលយើងត្រូវគ្រប់ ទីកន្លែងទាំងអស់ ឲ្យតែត្រូវសាងសង់ត្រូវតែបោសសម្អាតឲ្យបាន អស់។ ក្នុងឱកាសនេះផងដែរ តាមរយៈអគ្គរដ្ឋទូតកូរ៉េ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរ គុណ ចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ហិរញ្ញវត្ថុ សម្រាប់ការសាងសង់ផ្លូវជាតិ លេខ២១នេះ។ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ជាមួយនឹងការសម្ពោធផ្លូវនេះ ផ្លូវ៣ ខ្សែទៀត ក៏កំពុងសាងសង់ផងដែរ គឺផ្លូវ៤៨ ដែលតភ្ជាប់ផ្លូវជាតិលេខ៤ ស្រែកអំបិល ទៅកាន់ទីរួម ខេត្តកោះកុង, ផ្លូវជាតិលេខ២ ដែលកំពុងសាងសង់ ដើម្បីភ្ជាប់ទៅខេត្តតាកែវ និងផ្លូវជាតិលេខ២២ កំពុងត្រូវបានសាងសង់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែល កម្ពុជាទទួលបាននេះ ជាលទ្ធផលនៃកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង។ សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ២១ ធ្លាប់ត្រូវ បានសាងសង់ម្តងរួចមកហើយ កាលពីឆ្នាំ២០០២ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST)។

តែដោយសារផ្លូវនេះ ជាខ្សែផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញ ទៅច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម និង បម្រើការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញដ៏សំខាន់រវាងកម្ពុជា និងវៀតណាមផងនោះ នៅឆ្នាំ ២០១២ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) តាមរយៈមូល និធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) សិក្សាលទ្ធភាពសាងសង់លើកកម្រិតគុណ ភាពផ្លូវនេះ ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងផ្លូវកៅស៊ូ (AC) និងពង្រីកពី ២គន្លង ទៅ ៤គន្លង នៅតាមចំណុចភូមិសាស្រ្តសំខាន់ៗមួយចំនួនផងដែរ៕