រុស្ស៊ី អាមេរិក និងអង់គ្លេស យកវេទិកា UN ចោទគ្នាទៅវិញទៅមក ជុំវិញអាវុធគីមី នៅអ៊ុយក្រែន


 (យូអិន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា រុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅថ្ងៃអង្គារនេះបានចោទ ប្រកាន់គ្នាទៅវិញទៅមក នៅឯអង្គការសហប្រជាជាតិ ជុំវិញលទ្ធភាពនៃការប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនមានភាគីណាមួយបង្ហាញភស្តុតាងនោះទេ។

ការចោទប្រកាន់គ្នាខាងលើបានកើតឡើង នៅឯកិច្ចប្រជុំបិទទា្វរនៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បន្ទាប់ពីរុស្ស៊ីបានចោទប្រកាន់ថាកងទ័ព អ៊ុយក្រែនមានបំណងធ្វើឱ្យលេចធ្លាយសារ ធាតុអាម៉ូញាក់ ដើម្បីទម្លាក់កំហុសលើកងទ័ពរុស្ស៊ី។ អគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំ UN លោក ឌីមីទ្រី ប៉ូលីយ៉ាន់ស្គី (Dmitry Polyanskiy) បានអះអាងថាកងទ័ពរុស្ស៊ីមិនដែលមានបំណង ឬក៏បើកការ វាយប្រហារលើគោលដៅដែលមានស្ដុកទុកសារធាតុគីមីនៅក្នុង ប្រទេសអ៊ុយក្រែននោះឡើយ។ ប៉ុន្តែលោកថា គឺក្រុមអ្នកជាតិនិយមជ្រុលអ៊ុយក្រែនទៅវិញទេ ដែលចង់ទម្លាក់កំហុសលើរុស្ស៊ី។

សូមជម្រាបថា នេះគឺជាលើកទី៣ហើយ ដែលរុស្ស៊ីលើកឡើងពីអាវុធគីមី នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោក ខាងលិច បានចោទថានេះគ្រាន់តែជាលេសដែលរុស្ស៊ីចង់ប្រើអាវុធនុយក្លេអ៊ែរ ហើយម្យ៉ាងវិញទៀត មកទល់ពេលនេះមិនទាន់មានភាគីណាមួយបង្ហាញភស្តុតាងដើម្បីបញ្ជាក់ពីការអះអាងរបស់ខ្លួនឡើយ៕