(ឡុងដ៍)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ គឺបានបញ្ជាក់ថា វិមានក្រឹមឡាំង នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថាការចោទប្រកាន់ របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិនថាលោកប្រធានាធីបតី វ្ល៉ាឌីមៀ ពូទីន គឺជា «ឧក្រិដ្ឋជន សង្រ្គាម» ជុំវិញសង្រ្គាមអ៊ុយក្រែន គឺជាពាក្យសម្ដីមិនអាចលើកលែងឱ្យបានចេញពីមាត់មេដឹកនាំ នៃប្រទេសមួយដែល បានសម្លាប់ប្រជាជនស៊ីវិល នៅក្នុងជម្លោះរាប់មិនអស់នៅជុំវិញពិភពលោក។
ប្រតិកម្មខ្លាំងៗរបស់វិមានក្រឹមឡាំង កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី អាមេរិក លោក ចូ បៃដិន ធ្លោយមាត់ដោយហៅ លោក ពូទីនថាជាឧក្រិដ្ឋជនសង្រ្គាម នៅចំពោះមុខ អ្នកសារព័ត៌មានកាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ឆ្លើយតបទៅនឹងសំណួរ អ្នក សារព័ត៌មានជុំវិញពាក្យសម្ដីរបស់លោក ចូ បៃដិន, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានសង្កត់ធ្ងន់ថាវាជា រឿងមិនអាចទទួលយកបាន និងមិនអាចលើកលែងឱ្យ បានជាដាច់ខាត។
លោកបន្ថែមទៀតថា លោក បៃដិន គ្មានសិទ្ធិប្រៀនប្រដៅរុស្ស៊ីពីឧក្រិដ្ឋកម្មសង្រ្គាមនោះទេ ព្រោះ លោកជាមេដឹកនាំនៃប្រទេសមួយដែលបានទម្លាក់ គ្រាប់បែកសម្លាប់ជនស៊ីវិលនៅទូទាំងពិភពលោក អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដូច្នេះមេដឹកនាំប្រទេសរបៀបនេះគ្មានសិទ្ធិអ្វី ធ្វើសេចក្ដីថ្លែង ការណ៍ចោទប្រកាន់លើលោកប្រធានាធិបតី ពូទីនឡើយ៕