សម្ដេចតេជោ ហ៊ុន សែន រំលឹករឿងដែលគេធ្លាប់មើលស្រាលកម្ពុជា នៅពេលជួបការរាតត្បាត ជំងឺកូវីដ១៩ តែទីបំផុតកម្ពុជាក្លាយជាប្រទេសគ្រប់គ្រងបានល្អទៅវិញ

 (ព្រៃវែង)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ បានរំលឹកនូវរឿងរ៉ាវមួយចំនួន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ ដែលកាលពីកន្លងទៅធ្លាប់មាន សារព័ត៌មាន និងបណ្ដាប្រទេសមួយចំនួន បានមើលស្រាលកម្ពុជាក្នុងការគ្រប់គ្រងនៅពេលផ្ទុះ ការរីករាលដាលជំងឺកូវីដ១៩ ថាអាចនឹងជួបស្ថានភាពអាក្រក់ព្រោះតែជំងឺដ៏កាចសាហាវនេះ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅ ក្នុងខេត្តព្រៃវែង បានអះអាងថា ក្រោយពីការមើលស្រាលរបស់គេ នៅទីបំផុតទៅ ប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ បានល្អជាងបណ្ដាប្រទេសដែលមាន បរិក្ខាទំនើប និងជឿនលឿនមួយចំនួនទៅវិញ។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី ការគ្រប់គ្រងជំងឺកូវីដ១៩បាន មិនផ្ដោតទាំងស្រុងទៅលើ បច្ចេកវិទ្យា ឬបរិក្ខាសុខាភិបាលទំនើបទាំងស្រុងនោះ ពោលអាស្រ័យទៅលើឆន្ទៈ មនសិកាវិជ្ជាជីវៈ ការប្ដេជ្ញាចិត្ត ការលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ទើបអាចយកឈ្នះលើវិញ្ញាសារ មួយនេះបាន។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ករណីកូវីដ តើប៉ុន្មាន ប្រទេស សារព័ត៌មានប៉ុន្មានប្រមាថយើង អំពីប្រព័ន្ធសុខាភិបាលទន់ខ្សោយរបស់កម្ពុជា ប៉ុន្ដែឥលូវអ្នក ទាំងនោះគេយល់យ៉ាងមិចចំពោះយើង នៅពេលដែលកម្ពុជា ក្នុងមួយថ្ងៃហើយថ្ងៃនេះឆ្លងប្រមាណជា ង១៣០ករណីប៉ុណ្ណោះ (អូមីក្រុង) ថ្ងៃខ្លះអត់មានស្លាប់ទេ ក្នុងប្រទេសលើពិភពលោកជាច្រើនកំពុងតែ ស្លាប់ រាប់រយរាប់ពាន់ ឆ្លងរាប់ម៉ឺននាក់។ អញ្ចឹងតើវាយតម្លៃអំពីបច្ចេកវិទ្យា ឬវាយតម្លៃអំពីការទទួល ខុសត្រូវ?»

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ទោះអ្នកកើតនៅក្នុងប្រទេសដែលមានបច្ចេកវិទ្យា ទាន់សម័យ ឬជឿនលឿន សុខាភិបាលទាន់សម័យ ប៉ុន្ដែការគិតរបស់អ្នកអាចនឹងមានកម្រិត បើ ប្រៀបធៀបជាមួយសកម្មដែលកម្ពុជាប្រកាន់យក។ មកដល់ពេលនេះ កម្ពុជាជាប្រទេសមួយក្រ ប៉ុន្ដែកម្ពុជា បានចាក់វ៉ាក់សាំងជាង៩២ភាគរយ នៃប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយកំពុងតែដំ ណើរការចាក់ឲ្យក្មេងអាយុ៣ និង៤ឆ្នាំ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានចោទសួរត្រឡប់ទៅវិញថា ប្រទេសដែលអួតអាង អ្នក ដែលអួតអាង ពីប្រព័ន្ធសុខាភិបាលខ្លាំង និងបង្អាប់កម្ពុជាជាមួយប្រព័ន្ធសុខាភិបាលខ្សោយ តើកម្ពុជា បានសង្គ្រោះកម្ពុជារបៀបណាដែរ?។

បើទោះបីគ្រប់គ្រងបានល្អ និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញក៏ពិតមែន ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ ក្នុងការការពារខ្លួនតាមរយៈការអនុវត្ត វិធានការ ៣ការពារ និង៣កុំ ព្រមពេលដែលរាជរដ្ឋាភិបាលកាត់បន្ថយនូវការរឹតបន្ដឹងលើបញ្ហាមួយ ចំនួននោះ៕