ជប៉ុនផ្ដល់ជំនួយជាង១លានដុល្លារដល់កម្ពុជា សម្រាប់លើកកម្ពស់សុខភាពសហគមន៍ និងកសាង សមត្ថភាពយុវជន

 (ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយឥតសំណង ចំនួន ១,០៩៣,៨១៨ដុល្លារអាមេរិក ក្រោមគម្រោងជំនួយឥតសំណងសម្រាប់គម្រោងអង្គការ ក្រៅរដ្ឋាភិបាលជប៉ុន លើការលើកកម្ពស់សុខភាពសហគមន៍ និងអនាម័យ និងការកសាងសមត្ថ ភាពយុវជន នៅខេត្តព្រះវិហារ និងខេត្តប៉ៃលិន។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាង អង្គភាពទទួលជំនួយចំនួនពីរ នៅស្ថានទូតជប៉ុន នាថ្ងៃរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ។

គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុន នាពេលនេះ ដើម្បីអនុវត្តគម្រោងដូចតទៅ៖

*ទី១៖ គម្រោងកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សា សហគមន៍ (ឆ្នាំទី៣) (ថវិកាជំនួយ ៤៤៥,៩៩៤ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការ កុមារឥតព្រំដែន (KnK)។

នៅក្នុងគម្រោងនេះ អង្គការ KnK នឹងបន្តគាំទ្រដល់យុវជន ជាពិសេសអ្នកដែលទទួលរងការលំបាក ដោយសារការងារមិនឋិតថេរ ខ្វះជំនាញជីវិត និងបោះបង់ចោលការសិក្សា។ សម្រាប់ឆ្នាំទី៣ នៃ គម្រោងនេះ មជ្ឈមណ្ឌលសិក្សាសហគមន៍ថ្មីចំនួន២ នឹងត្រូវបានសាងសង់ ហើយមជ្ឈមណ្ឌល សិក្សាសហគមន៍ចំនួន៤ ដែលរួមទាំងមជ្ឈមណ្ឌលសិក្សាសហគមន៍ថ្មីចំនួន២ ដែលទើបសាង សង់នេះ នឹងត្រូវបានបំពាក់ជាមួយនឹងសម្ភារៈសិក្សា។

តាមរយៈការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានភាពប្រសើរជាងមុន ក៏ដូចជាការគាំទ្រយ៉ាង ជិតស្និទ្ធដល់យុវជនពួកគេអាចទទួលបានជំនាញដែលជួយពួកគេបង្កើតមូលដ្ឋានគ្រឹះមួយសម្រាប់ជីវិតកាន់តែប្រសើរ នាពេលអនាគត។

* ទី២៖ គម្រោងរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារ (ឆ្នាំទី៣) (ថវិកាចំនួន ៦៤៧,៨២៤ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការ World Vision Japan.(WVJ)។

ក្នុងគម្រោងនេះ អង្គការ WVJ នឹងបន្តផ្តល់វគ្គបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងអំពី សុខភាព អាហារូបត្ថម្ភ និង WASH (ទឹកស្អាត និងអនាម័យ) ដល់មន្ត្រីសុខាភិបាល និងមន្ត្រី អភិវឌ្ឍន៍ជនបទ ព្រមទាំងសហគមន៍ ក្នុងខេត្តព្រះវិហារផងដែរ។ សកម្មភាពជាបន្តបន្ទាប់ទាំងនេះ ចាប់តាំងពីឆ្នាំទី១ នៃគម្រោងនឹងរួមចំណែកកែលម្អស្ថានភាពទាំងមូលនៃការអនុវត្តការផ្តល់អាហារ និងការប្រើប្រាស់ទឹកដែលមានសុវត្ថិភាព ក្នុងខេត្តព្រះវិហារ និងជួយកុមារឱ្យមានការលូតលាស់ ប្រកបដោយ សុខភាពល្អ និងភាពរឹងមាំជាងមុន៕