តំណាងកម្ពុជានឹងឡើងការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ក្នុងវេទិកាសិទ្ធិមនុស្សអន្តរជាតិរបស់ UN នៅសប្តាហ៍ក្រោយ


(ភ្នំពេញ)៖ តំណាងរបស់កម្ពុជានឹងឡើងការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២២ ក្នុងសម័យប្រជុំលើកទី១៣៤ នៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាតិ ដែល កម្ពុជាបានដាក់របាយការណ៍ជាតិលើកទី៥ កាលពីខែមសា ឆ្នាំ២០១៩ កន្លងទៅនេះ តាមប្រព័ន្ធ វីដេអូ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលទទួលបាន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា គណៈប្រតិភូកម្ពុជានឹងដឹកនាំដោយឯកឧត្តម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំង ប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រតិភូអន្តរក្រសួងរួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន។

ការការពាររបាយការណ៍ជាតិរបស់កម្ពុជានឹងប្រព្រឹត្តទៅក្នុងទម្រង់ Hybrid ដោយគណៈប្រតិភូកម្ពុជា ចូលរួមតាមប្រព័ន្ធវីដេអូ និងតម្រូវឱ្យឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុង ហ្សឺណែវមានវត្តមាននៅក្នុងសាលប្រជុំជាមួយសមាជិករបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាតិ។

ការការពាររបាយការណ៍នេះ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្ស អង្គកាសហប្រជា ជាតិ ដែលត្រូវធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្តង សម្រាប់តាមដាន និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាព សិទ្ធិមនុស្សនៅក្នុងប្រទេសទាំងអស់ ដែលជាសមាជិកអង្គការសហប្រជាជាតិ៕