(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ សម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលដ៏មានសារៈប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជានេះ ធ្វើ ឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។
កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវដ៏សំខាន់មួយសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការ ដឹកជញ្ជូនទំនិញរវាងរាជធានីភ្នំពេញ ទៅខេត្តកំពត់ កែប និងឆ្ពោះទៅកាន់ខេត្តព្រះសីហនុផងដែរ។ មួយផ្នែកនៃកំណាត់ផ្លូវនេះ ក៏បានបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវផងដែរ។
ក្រោយរបបប្រល័យពូជសាសន៍កំណាត់ផ្លូវជាតិលេខ៣ ក៏ដូចជាកំណាត់ផ្លូវដទៃទៀតផងដែរ មាន ស្ថានភាពលំបាកយ៉ាងខ្លាំងសម្រាប់ការធ្វើដំណើរ។ ក្រោមគោលនយោបាយកំណត់អាទិភាពសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ដើម្បីរួម ចំណែករុញការអភិវឌ្ឍជាតិនោះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក៏បានកែលំអរផ្លូវជាតិលេខ៣នេះជាបន្តបន្ទាប់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ទៅដល់ក្រុងកំពត ត្រូវបានស្តារម្តងរួចមកហើយនៅឆ្នាំ ២០០៨-២០១១។ ប៉ុន្តែដោយសង្កេតឃើញថា កំណើនចរាចរណ៍មានការកើនឡើងគួរឱ្យកត់ សម្គាល់ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យធ្វើការពង្រីកកំណាត់ផ្លូវនេះចាប់ពីចោមចៅ ដល់ បែកគូស ប្រវែងជិត ៧០គីឡូម៉ែត្រ ជា ៤គន្លង និងកំណាត់ផ្លូវពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត ៦៥គីម៉ែត្រ ជា២គន្លង ដោយក្រាលបេតុងកៅស៊ូAC ឡើងវិញ។
កំណាត់ផ្លូវនេះ ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ, ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ, ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ, ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១ គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះ បានសាងសង់ស្ពានថ្មី ចំនួន ១១កន្លែង ប្រវែងសរុប ៤៤៣ម៉ែត្រ ទទឹង ១២ម៉ែត្រ និងពង្រីកស្ពានចាស់ ២កន្លែង ប្រវែងសរុប ៣០ម៉ែត្រ។
កំណាត់ផ្លូវនេះ បានសាងសង់លូជ្រុងចំនួន ៣៤កន្លែង លូមូលចំនួន ១៧៧កន្លែង លូដាក់តាម ប្រឡាយសងខាងផ្លូវចំនួន ២៧១កន្លែង និងការងារបំពាក់បរិក្ខារផ្លូវថ្នល់ រួមមាន៖ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ព្រមទាំងមាន បំពាក់កាំមេរ៉ាចាប់ល្បឿនអចល័តចំនួន ១០កន្លែង និងសាងសង់ស្ពានថ្មើរជើងរំលងផ្លូវចំនួន ២កន្លែង ផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា កំណាត់ផ្លុវជាតិលេខ៣ភ្នំពេញ-កំពតនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិត ចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១។ ការសាងសង់កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបប្រមាណជាង ២១៥លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយ ផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ឯកឧត្តម ទេសដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត គឺជាខ្សែផ្លូវនៃប៉ូល សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ឆ្លងកាត់រាជធានី-ខេត្តចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រ អន្តរជាតិ ខេត្តព្រះសីហនុ តាមរយៈកំណាត់ផ្លូវជាតិលេខ៣(កំពត-វាលរេញ) ភ្ជាប់ទៅផ្លូវជាតិលេខ៤ (ព្រៃនប់) និងតភ្ជាប់ទៅច្រកព្រំដែនកម្ពុជា-ថៃ ខេត្តកោះកុង តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ ៤៨។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់់យ៉ាងដូច្នេះ «កំណាត់ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំ ខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសការធ្វើដំណើរកម្សាន្តទៅកាន់ ខេត្តកំពតនិងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ដ៏សំខាន់ សម្បូរដោយធនធាន ទេសភាព ធម្មជាតិ មានតំបន់ជ្រលងភ្នំ និងតំបន់ឆ្នេរដ៏ស្រស់ត្រកាល ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ កំណាត់ខ្សែផ្លូវនេះ មានភាព រឹងមាំ ធំទូលាយ ដែលសម្រួលដល់ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារក្នុងស្រុក និង ទីផ្សារអន្តរជាតិ ព្រមទាំងបញ្ចៀស បានការកកស្ទះនៅតាមបណ្ដោយផ្លូវជាតិលេខ៤ បានមួយកម្រិត បន្ថែមទៀតផងដែរ»។
បើតាម ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៣ ក៏ជាផ្នែកមួយនៃច្រករបៀង ប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់ផ្លូវអាស៊ានហាយវ៉េយលេខ ១២៣ (AH-123) ពីប្រទេសថៃ មកប្រទេសកម្ពុជា តាមរយៈផ្លូវជាតិលេខ៤៨ ហើយឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំការលួង ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ និងបន្តទៅប្រទេសវៀតណាម តាម រយៈផ្លូវជាតិលេខ៣៣ កាត់តាមកំពង់ត្រាច ចេញទៅច្រកព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក (កំពត)-សាសៀរ (ហាទៀង) ដែលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជាជាមួយប្រទេសជិតខាង។
សម្រាប់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលមួយក្នុង ចំណោមសមិទ្ធផលជាច្រើន ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលុប ដល់ប្រ ជាពលរដ្ឋនៅទូទាំងប្រទេស កើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត ទឹកចិត្តស្នេហាជាតិមាតុ ភូមិ និងប្រជាជនដ៏មោះមុត និងបញ្ញាញាណដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជា បិតាស្ថាបនិក និងជានិមិត្តរូបនៃសុខសន្តិភាព៕