(រតនគិរី)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញពិនិត្យមើលឧបករណ៍សម្ភារបច្ចេកទេសដែលបម្រើឱ្យការផ្សាយ វិទ្យុ FM៨៩.៥ និង ហ្វេសប៊ុកផេកទូរទស្សន៍ (ទខរគ) នៃមន្ទីរព័ត៌មាន ខេត្តរតនគិរី។
លោកកុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី បានគោរព ជម្រាបជូនលោករដ្ឋមន្រ្តីថា ក្នុងនាមជាសេនាធិការឱ្យក្រសួង ក៏ដូចរដ្ឋបាលខេត្ត លើវិស័យព័ត៌មាន មន្ទីរបានដំណើរការផ្សព្វផ្សាយតាមវិទ្យុ FM៨៩.៥, តាមហ្វេកប៊ុកទូរទស្សន៍ (ទខរគ) ហ្វេសប៊ុកផេក មន្ទីរព័ត៌មាន និងហ្វេសប៊ុកផេកទីភ្នាក់ងារសារព័ត៌មាន (AKP) នូវព្រឹត្តិការណ៍ជាតិធំៗ និងព័ត៌មាន ថ្នាក់ដឹកនាំជាតិ, ព័ត៌មានថ្នាក់ដឹកនាំខេត្ត ព័ត៌មានសន្តិសុខសង្គមជាដើម។ ជាពិសេសរាល់ព័ត៌មានសំខាន់ៗបានបកប្រែផ្សាយជាភាសាបងបងប្អូនជនជាតិដើមភាគតិចព្រៅ គ្រឹង ចារ៉ាយ និងទំពួន ផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរព័ត៌មាន ខេត្តរតនគិរី ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារៈកិច្ច បានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិត ខំបន្ថែមទៀត ធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តកាន់តែមានគុណភាព និង ប្រកបដោយវិជ្ជាជីវៈដែលអាចទទួលយកបាន ពីអ្នកស្តាប់ និងទស្សនា។
បន្ទាប់មកក្នុងថ្ងៃដដែលនេះផងដែរ លោករដ្ឋមន្រ្ដី និងគណៈប្រតិភូ ក៏បានធ្វើដំណើរទៅទស្សនា នៅរមណីយដ្ឋាន បឹងលំកុដ ដែលស្ថិតនៅឃុំសេដា ស្រុកលំផាត់ផងដែរ៕