(ញូយ៉ក)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជាក់ថា អង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ បានព្រមានថា ការឈ្លានពានទាំងស្រុងរបស់រុស្ស៊ីលើអ៊ុយក្រែន នឹងបង្កវិនាសកម្ម ធ្ងន់ធ្ងរ ដែលនឹងនាំទៅរកវិបត្តិ ជនភៀសខ្លួនសកលថ្មីមួយ។
សហរដ្ឋអាមេរិក បាននិយាយថាសង្រ្គាមអាចនឹងធ្វើឱ្យមនុស្ស ៥លាននាក់ ក្លាយជាជនភៀសខ្លួន ខណៈរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានព្រមាន ដែរថាបើសង្រ្គាមផ្ទុះឡើងមែន នោះសណ្ដាប់ធ្នាប់ ពិភពលោកសព្វថ្ងៃនឹងត្រូវបានបំផ្លាញ។ ការព្រមានបែបនេះធ្វើឡើងកំលុងកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំ។ ថ្លែងនៅក្នុងកិច្ចប្រជុំនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានសង្កត់ធ្ងន់ថាពិភពលោកកំពុងប្រឈមមុខនឹងពេលវេលាដ៏ គ្រោះថ្នាក់ ជុំវិញវិបត្តិអ៊ុយក្រែន។
លោក បញ្ជាក់ដូច្នេះថា «ប្រសិនបើជម្លោះផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែន ពិភពលោកនឹងជួប ប្រទះវិនាសកម្មដែលមិនធ្លាប់មានអស់រយៈពេល ជាច្រើនឆ្នាំមកនេះ។ ដូច្នេះ នេះគឺជាពេលត្រូវអត់ ធ្មត់, មានហេតុផល និងបន្ធូរបន្ថយភាពតានតឹង»។
សូមបញ្ជាក់ថា បើតាមអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield, ការ ឈ្លានពានរបស់រុស្ស៊ីអាចនឹងធ្វើឱ្យមនុស្ស ៥លាននាក់ ក្លាយជាជនភៀសខ្លួន ស្របពេលមនុស្ស ជាង ៣លាននាក់បានរងផលប៉ះពាល់រួចទៅហើយដោយសារសកម្មភាពយោធារុស្ស៊ី នៅភាគខាង កើតប្រទេសអ៊ុយក្រែន៕