(ភ្នំពេញ)៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារបានបញ្ជាក់ឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន ២៨៨.២៣លានដុល្លារ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១ ឃើញថាកើន ឡើងប្រមាណជា ៧១.០៣ លានដុល្លារ ស្មើនឹង៣២.៧០%។
ការបញ្ជាក់របស់ឯកឧត្តម រដ្ឋមន្ត្រី ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំ ខែមករា ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
បើតាមអគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ៥ ប្រភេទ មានកំណើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងខែមករា ឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមាន ចំនួន ១៨៧.២១ ប៊ីលានរៀល (កើនឡើង ១៣.៥៦ ប៊ីលានរៀល ស្មើនឹង ៧.៨១%), អាករលើតម្លៃ បន្ថែមមានចំនួន ២៨៤.៣៧ ប៊ីលានរៀល (កើនឡើង ៥៨.៨២ ប៊ីលានរៀល ស្មើនឹង ២៦.០៨%), អាករពិសេសមានចំនួន ១០៧.៤៨ ប៊ីលានរៀល (កើនឡើង ៣០.៣៨ ប៊ីលានរៀល ស្មើនឹង ៣៩.៤០%), ពន្ធលើប្រាក់បៀវត្សមានចំនួន ១១០.២១ ប៊ីលានរៀល (កើនឡើង ១៩.០២ ប៊ីលាន រៀល ស្មើនឹង ២០.៨៦%), និង ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ៩០.០៣ ប៊ីលានរៀល (កើនឡើង ៣៦.៤៦ ប៊ីលានរៀល ស្មើនឹង ៦៨,០៧%)៕