(ប៉េកាំង)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺប្រទេសចិននឹងធ្វើការងារជាមួយប្រទេសនៅ អាស៊ី ដើម្បីបង្កើនការប្រើប្រាស់រូបិយប័ណ្ណ ក្នុងស្រុកក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាផ្នែក មួយនៃផែនការពង្រឹងភាពធន់សេដ្ឋកិច្ចក្នុងតំបន់។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Yi Gang ទេសាភិបាល ធនាគារកណ្តាលចិនដែលបានថ្លែងក្នុងព្រឹត្តិការណ៍មួយរបស់ក្រុមប្រទេស G20 ថា វឌ្ឍនភាពក្នុង រយៈពេលប៉ុន្មានឆ្នាំដែលបង្កើតឡើងដោយប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីក្នុងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងពាណិជ្ជកម្ម និងការវិនិយោគ បានពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុរបស់តំបន់ ទប់ទល់នឹងបញ្ហាដែលកើតឡើងពីខាងក្រៅ។
តាមរយៈវីដេអូនៅព្រឹត្តិការណ៍ដែលរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី លោក Yi មានប្រសាសន៍ ថា៖ «ប្រទេសកំពុងអភិវឌ្ឍន៍គួរលើកកម្ពស់ភាពស៊ាំរបស់ខ្លួន។ នេះគឺជាអ្វីដែលកិច្ចសហប្រតិបត្តិ ការថ្នាក់តំបន់មានតួនាទីដ៏សំខាន់មួយដែលត្រូវធ្វើ»។
លោកបន្ថែមថា ការដោះដូររូបិយប័ណ្ណទ្វេភាគីក្នុងចំណោមក្រុមប្រទេសអាស៊ាន បូកចិន ជប៉ុន និងកូរ៉េខាងត្បូង បានកើនឡើងដល់ ៣៨០ប៊ីលានដុល្លារ។
កាលពីខែមុនធនាគារកណ្តាលចិនបានបន្តកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណទ្វេភាគីជាមួយធនាគារកណ្តាលឥណ្ឌូនេស៊ីរយៈពេល ៣ឆ្នាំទៀត ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុកាន់តែមានភាព ស៊ីជម្រៅ និងដើម្បីលើកកម្ពស់ការវិនិយោគ។
បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺលោក Yi បានបន្ថែមទៀតថា ធនាគារកណ្តាលរបស់ ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនគួរបន្តពង្រឹង ទំនាក់ទំនងទីផ្សារដោយសារការធ្វើដូចនេះនឹង ជួយកាត់បន្ថយការបាចសាចឥទ្ធិពលទៅលើប្រទេសកំពុងអភិវឌ្ឍន៍នៅពេលដែលមានហានិភ័យកាន់តែខ្លាំងពីការរាតត្បាតជំងឺកូវីដ-១៩៕