សិង្ហបុរី ប្រកាសសម្រួលវិធានការចូលប្រទេស ចំពោះអ្នកចាក់វ៉ាក់សាំងពេញលេញ ដោយមិនតម្រូវ ឲ្យធ្វើចត្តាឡីស័ក និងធ្វើតេស្ត PCR


 (សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃនេះ គឺបានប្រាប់អោយ ដឹងថា ប្រទេសសិង្ហបុរីនៅថ្ងៃពុធ ទី១៦កុម្ភៈនេះ បានប្រកាសពីការដាក់ឱ្យដំណើរការនូវកម្មវិធី Vaccination Travel Lanes (VTLs) ដែលមានន័យថា ការអនុញ្ញាតឲ្យចូលប្រទេសក្នុងលក្ខខណ្ឌ ចាក់វ៉ាក់សាំង ជាមួយហុងកុង និងតំបន់ដទៃទៀត។

លើសពីនេះអាជ្ញាធរបាននិយាយថា ពួកគេកំពុងសម្រួលវិធានការព្រំដែន ដែលជាផ្នែកមួយដ៏សំខាន់ នៃគោលនយោបាយធ្វើដំណើររបស់ប្រទេសផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមការងារអន្តរក្រសួង រដ្ឋមន្ត្រីដឹកជញ្ជូនលោក S Iswaran បាននិយាយថា គោលការណ៍ VTLs នឹងអនុញ្ញាតឱ្យអ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងពេញ លេញ ពុំចាំបាច់ធ្វើចត្តាឡីស័កឡើយ នឹងលែងត្រូវការធ្វើតេស្តម៉ាស៊ីន PCR នៅពេលមកដល់។ ដោយជំនួសមកវិញ ធ្វើតេស្តរហ័ស។

វិធានការព្រំដែនសម្រាប់អ្នកធ្វើដំណើរមកដល់នៅសឹង្ហបុរី នឹងចាប់អនុវត្តពីថ្ងៃទី២២ ខែកុម្ភៈ នឹង ត្រូវបានសម្រួលផងដែរ ខណៈតម្រូវការចត្តាឡីស័កត្រូវបានកាត់បន្ថយពី ១៤ថ្ងៃ មកត្រឹម ៧ថ្ងៃ វិញ៕