យន្តហោះយោធារុស្ស៉ីហោះស្ទាក់ យន្តហោះយោធាអាមេរិក នៅលើដែនសមុទ្រមេឌីទែរ៉ាណេ, នេះបើតាមមន្ទីរបញ្ចកោណ


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ អោយដឹងថា មន្ទីរការពារជាតិអាមេរិកបញ្ចកោណ បានប្រកាសនៅថ្ងៃ ពុធសប្តាហ៍ នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា យន្តហោះនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកចំនួន ៣គ្រឿង ត្រូវបានក្បួនយន្តហោះយោធារុស្ស៊ីហោះស្ទាក់ នៅក្នុងស្ថានភាពដែលគ្មាន ភាពទទួលខុស ត្រូវទាល់តែសោះ។

កាពីតែនកងទ័ពជើងទឹកអាមេរិក លោក ម៉ៃក៍ កាហ្វកា (Mike Kafka) បានគូសបញ្ជាក់តាមរយៈ សេចក្តីថ្លែងការណ៍មួយថា «ទោះបីជាគ្មាននរណាម្នាក់ បានរងរបួសនៅក្នុងហេតុការណ៍នោះក្តី ក៏ការបង្កហេតុរបៀបៗនេះ អាចឈានទៅរកការយល់ច្រឡំ ឬគណនាខុស ដែលនាំឲ្យមានលទ្ធផល ដ៏គ្រោះថ្នាក់»។ លោក Mike Kafka បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកតែងតែធ្វើសកម្មភាពនានា ស្របទៅនឹងច្បាប់អន្តរជាតិ ហើយខ្លួនក៏សង្ឃឹមថារុស្ស៊ីនឹងប្រព្រឹត្តដូចគ្នានេះដែរ។

សូមជម្រាបថា យន្តហោះយោធាអាមេរិក ៣គ្រឿងជាប្រភេទយន្តហោះល្បាត P-8A និងយន្តហោះ ឈ្លបយកការណ៍ ត្រូវបានយន្តហោះយោធារុស្ស៊ីហោះស្ទាក់ និងប្រដេញ នៅក្នុងដែនអាកាសអន្តរ ជាតិ ពីលើដែនសមុទ្រមេឌីទែរ៉ាណេ។ សហរដ្ឋអាមេរិកក៏បានគូសបញ្ជាក់ អំពីក្តីបារម្ភរបស់ខ្លួននេះ ប្រាប់ទៅកាន់ភាគីរុស្ស៊ីរួចហើយដែរ តាមរយៈផ្លូវការទូតដែលនៅមាន។ ហេតុការណ៍រសើបចុងក្រោយនេះបានកើតមានឡើង ស្របពេលដែលលោកខាងលិច និងរុស្ស៊ីកំពុង មានភាពតានតឹងខ្លាំងនៅឡើយ ជុំវិញលទ្ធភាពនៃការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន៕