ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយ រដ្ឋមន្រ្តីការពារជាតិជប៉ុន

 (ជប៉ុន)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ បានជួបសម្ដែង ការគួរ សមជាមួយ លោក Nobuo Kishi រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន នៅទីក្រុងតូក្យូ ប្រទេស ជប៉ុន។ ជំនួបសម្តែងការគួរសមនេះ ក៏បានពិភាក្សាលើកិច្ចការងារដើម្បីពង្រឹងកិច្ចសហប្រតិ បត្តិការ រវាងកង ទ័ពនិងកងទ័ព ជាពិសេសរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរផងដែរ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ពេលនេះ បាននិងកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសជប៉ុន។ អំឡុងទស្សនកិច្ច២ថ្ងៃនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយលោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន, ជួបសម្ដែង ការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ Yamazaki Koji អគ្គមេបញ្ជាការកង ស្វ័យការពារជប៉ុន និងនាយឧត្តមសេនីយ៍ Yoshida Yoshihide មេបញ្ជាការកងស្វ័យការពារជើង គោកជប៉ុនផងដែរ។

ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុននាពេលនេះ ធ្វើឡើង តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋ មន្ត្រី នាពេលអនាគតមកពីគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៨ បានអញ្ជើញទស្សនកិច្ចនៅ ប្រទេសជប៉ុនផងដែរ៕