ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសសមាសភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំគ្រឹះស្ថានឧត្តមសិក្សា


 (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) កាលពីថ្ងៃ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ បានអញ្ជើញប្រកាសសមាភាពគណៈដឹកនាំចលនា យុវជន ស្ម័គ្រចិត្ត និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

សមាសភាពដែលត្រូវប្រកាសទទួលស្គាល់ក្នុងពិធីនេះមានចំនួន ៣៣២នាក់ តំណាងឱ្យសមា សភាពជាង ២,០០០នាក់ ដែលបានទទួលស្គាល់ដោយសហភាពសហព័ន្ធយុវជនកម្ពុជា មកពី តំណាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ១១៤ នៅទូទាំងប្រទេស។

ឯកឧត្តម ស សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) បានរាយការណ៍ សង្ខេប អំពីលទ្ធផលជោគជ័យរបស់ក្រុមប្រឹក្សាក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងឆ្នាំ២០២១ កន្លងទៅ។ ឯកឧត្តម ស សុខា បានសង្កត់ធ្ងន់លើសមិទ្ធផលការងារជាច្រើនដែលសម្រេចបាន ទោះបីកម្ពុជាបានរងឥទ្ធិពលដោយសារជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរអំពីការខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សា ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនសម្រេចបានលើសផែនការកំណត់ ឯកឧត្តម ប្រធានបានបន្ថែមថា ស.ស.យ.ក បានបង្កើតចលនាយុវ័ជនមួយមានឈ្មោះថា «យុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ» ដែលមានសសរស្ដម្ភចំនួន៩ ព្រមទាំង បានលើកឡើងអំពីមូលហេតុ និងគោលបំណងនៃការបង្កើត«ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា» ដែលមានតួនាទីធ្វើជាសេនាធិការឱ្យប្រធាន ស.ស.យ.ក. និងមានភារកិច្ចបំពេញការងារសំខាន់ៗជាច្រើន ដើម្បីជាប្រយោជន៍ ដល់យុវជនប្រមាណជាង ២០ម៉ឺននាក់ នៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន នាពេល បច្ចុប្បន្ន។

សូមបញ្ជាក់ថា គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯក ជនមាន ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ជាប្រធាន។ គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋមាន លោកបណ្ឌិត ធន់ វឌ្ឍនា ជាប្រធាន៕