ផ្ទុះបាតុកម្មទ្រង់ទ្រាយធំ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ប្រឆាំងនឹងវិធានការកូវីដ-១៩

 (ព្រុចសែល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ បានអោយដឹងថា បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅតាមដងវិថីក្នុង ទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្សិក ដើម្បីប្រឆាំងនឹងវិធានការទប់ទល់ជំងឺ COVID-19 ខណៈរលកថ្មីបង្កឡើងដោយ វីរុស Omicron កំពុងបោកបក់ប្រទេសអឺរ៉ុបមួយនេះយ៉ាងដំណំ។

សារព័ត៌មាន AFP ដដែលបានពណ៌នាថា ទំហំនៃបាតុកម្មខាងលើនេះ គឺធំធេងជាងបាតុកម្មមុនៗ ទៅទៀត ដោយកាលពីថ្ងៃអាទិត្យ ទី២៣ ខែមករា ក្រុមបាតុករបានដង្ហែក្បួន ពីចំណុចកណ្តាលនៃ ទីក្រុងព្រុចសែល ទៅកាន់ទីស្នាក់ការកណ្តាលនៃ សហភាពអឺរ៉ុប (EU) ហើយក៏បានប៉ះទង្គិចគ្នា ដោយហិង្សា ជាមួយកងកម្លាំងប៉ូលិសផងដែរ។

នៅលើផ្ទាំងបដារបស់ក្រុមបាតុករ គេឃើញមានការសរសេរពាក្យរិះគន់ និងប្រឆាំងចំពោះនាយករដ្ឋ មន្ត្រីប៊ែលហ្សិក លោក អេឡិចហ្សានដឺ ដេ គ្រូ (Alexander De Croo) ជាពិសេសទៅលើកម្មវិធី «សុវត្ថិភាពពី COVID-19» ឬ «Covid Safe pass» ដែលត្រូវបានបង្កើតឡើង ដើម្បីកំណត់ថា អ្នកបានចាក់វ៉ាក់សាំងបង្ការ ឬធ្វើតេស្តអវិជ្ជមាន COVID-19 រួចរាល់ហើយឬនៅ មុននឹងអ្នកត្រូវ បានអនុញ្ញាត ឲ្យចូលទៅកាន់ទីកន្លែងជាច្រើន៕