(ម៉ុងទ្រេអាល់)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នារសៀលថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ បញ្ជាក់ថា អាជ្ញាធរប៉ូលិសកាណាដាបានប្រកាសឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា មនុស្ស ៤នាក់ (ក្នុងនោះមានទារកម្នាក់ និងក្មេងជំទង់ ២នាក់) ត្រូវបានប្រទះឃើញ កកស្លាប់នៅ ក្នុងគំនរព្រិល ស្ថិតនៅក្បែរព្រំដែនសហរដ្ឋអាមេរិក ជាតំបន់ដែលត្រូវបានគេដឹងថា មានក្រុមជនភៀសខ្លួននិយមលួចឆ្លងកាត់។
បើតាមអាជ្ញាធរកាណាដា សាកសពរបស់មនុស្សទាំង ៤នាក់ខាងលើនេះ ត្រូវបានរកឃើញកាល ពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅកាណាដា) នៅចម្ងាយ ១២គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែន អាមេរិក-កាណាដា និងចម្ងាយ ១០គីឡូម៉ែត្រពីទីក្រុង អ៊ែមម៉ឺសុន (Emerson) នៃខេត្ត ម៉ានីតូបា (Manitoba) ភាគកណ្តាលប្រទេសកាណាដា។ នៅតំបន់នេះ ព្រិលទឹកកកកំពុងធ្លាក់ចុះមកយ៉ាង សន្ធប់ ហើយអាកាសធាតុបានចុះត្រជាក់ខ្លាំង រហូតដល់ទៅ -៣៥ អង្សារសេឯណោះ៕