កូរ៉េខាងជើងឲ្យតំរុយថា នឹងធ្វើតេស្តនុយក្លេអ៊ែរ និងមីស៉ីល ICBM ឡើងវិញ!


 (សេអ៊ូល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ហាក់បាន បញ្ចេញតំរុយ ឲ្យពិភពលោក មើលដឹងថា ខ្លួនកំពុងត្រៀមដើម្បីធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីល បាលីស្ទីករយៈចម្ងាយឆ្ងាយ (ICBM) ឡើងវិញ ខណៈប្រភពព័ត៌មានពីកូរ៉េខាងជើង បានចេញផ្សាយ ថា លោក គីម ជុងអ៊ុន កំពុងតែរៀបចំក្បួន ដើម្បីធ្វើការប្រឈមមុខរយៈពេលវែង ជាមួយនឹង សហរដ្ឋអាមេរិក។

ប្រទេសកូរ៉េខាងជើងត្រូវបានគេមើលឃើញថា បានយកការធ្វើតេស្តមីស៊ីលហោះលឿនជាងល្បឿន សំឡេង (hypersonic missile) និងមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ព្រមទាំងមីស៊ីលដែលអាចបាញ់ ចេញពីលើផ្លូវរថភ្លើង សរុបចំនួន ៤លើករួចមកហើយ ធ្វើជាការបើកទំព័រស្វាគមន៍ឆ្នាំ ២០២២ ហើយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏បានដាក់ទណ្ឌកម្មជាលើកដំបូងសម្រាប់រដ្ឋបាល លោក ទៅលើទីក្រុងព្យុងយ៉ាងរួចមកហើយដែរ។

ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានបង្ហាញជំហរស្វាគមន៍កូរ៉េខាងជើង ឲ្យចូលមកកាន់តុសន្ទនាគ្នា ឡើងវិញក្តី ក៏ការដាក់ទណ្ឌកម្មក្តៅៗអបទៅជាមួយនោះ បានធ្វើឲ្យទីក្រុងព្យុងយ៉ាងខឹងសម្បារ យ៉ាងខ្លាំង និងបង្ហាញមហិច្ឆតាធ្វើតេស្តអាវុធ ព្រមទាំងបង្កើនសមត្ថភាពយោធារបស់ខ្លួន តទៅមុខ ទៀត ដើម្បីឆ្លើយតបនឹងចេតនាឈ្លានពាន។

តាមរយៈសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា គណៈកម្មាធិការ មជ្ឈិមបក្សពលករកូរ៉េ ដែលជាគណបក្សកាន់អំណាច តែមួយគត់នៅកូរ៉េខាងជើង បានរៀបចំកិច្ចប្រ ជុំដ៏សំខាន់មួយ ហើយក្នុងនោះបានផ្តល់សញ្ញាថា ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល បាលីស្ទីកឆ្លងទ្វីប (មានសមត្ថភាពបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរ) ឬហៅយ៉ាងខ្លីថា ICBM ឡើងវិញ៕