(ហ្សាការតា)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ ប្រាប់ថា ឥណ្ឌូណេស៊ីបានចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ដូសជំរុញ ឱ្យប្រជាជនខ្លួននៅថ្ងៃពុធនេះ ចំពោះមុខក្តីព្រួយបារម្ភអំពី ការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មី Omicron។ កម្មវិធីចាក់វ៉ាក់សាំងដូសជំរុញ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានចាប់ផ្តើមដោយ ផ្តល់អាទិភាព ចំពោះក្រុមអ្នកស្ថិតនៅជួរមុខ រួមមានប្រជាជនមានវ័យចំណាស់ និងប្រជាជនដែល មានប្រព័ន្ធភាពស៉ាំទន់ខ្សោយ ជាដើម។ យុទ្ធនាការនេះកំពុងប្រព្រឹត្តទៅ ស្របពេលឥណ្ឌូណេស៊ី ដែលជាប្រទេសមានមនុស្សរស់នៅច្រើនបំផុតទី៤ លើពិភពលោក មានការព្រួយបារម្ភជាខ្លាំងអំពី ការរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron។
ម៉្យាងវិញទៀត កាលពីថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី បានប្រកាសរក ឃើញពីករណីឆ្លងថ្មីៗចំនួន ៨០២នាក់ ដែលជាតួលេខប្រចាំថ្ងៃខ្ពស់បំផុត គិតក្នុងកំលុងពេលជិត ៣ខែកន្លងមកនេះ។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញរបស់ខ្លួន ឥណ្ឌូណេស៊ីបានអនុម័ត ឱ្យប្រើវ៉ាក់សាំង Sinovac, AstraZeneca, Pfizer, Moderna និង Zifivax (ហ្ស៊ីហ្វីវ៉ាកស៍)។
សូមជម្រាបថា ឥណ្ឌូណេស៉ីប្តេជ្ញាចាក់វ៉ាក់សាំង ជូនប្រជាជនឱ្យបានប្រហែល ២០៨លាននាក់ ក្នុង ចំណោមប្រជាជនសរុបជាង ២៧០លាននាក់ ប៉ុន្តែមកទល់ពេលនេះប្រជាជនទើបជិត ១២០លាន នាក់ប៉ុណ្ណោះ ដែលបានទទួលបានការចាក់គ្រប់ដូស៕