ថៃមាន មនុស្សជិត ៣,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ


 (បាងកក)៖  តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post អោយដឹងថា ក្រសួងសុខា ភិបាលថៃ នៅថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៩២៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,៩០៣នាក់ផ្សេង ទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅ ទូទាំងប្រទេសចំនួន ២,២៣២,៤៨៥ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៧៣៨នាក់ និងអ្នកជាសះ ស្បើយឡើងវិញ ២,១៧៧,៦៣៣នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០៥.០១លានដូស ក្នុងនោះប្រជាជន ៤៦.២៩លាននាក់ (៦៦.១៨% នៃចំនួនប្រជាជន សរុប) បានទទួលការចាក់គ្រប់ដូស៕