លោកជំទាវ ឱ វណ្ណឌីន លើកឡើងថា វ៉ាក់សាំងកូវីដ១៩ អាចនឹងត្រូវចាក់ជាបន្ដបន្ទាប់ មិនបញ្ចប់ត្រឹម ដូសទី៣នេះឡើយ


លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានលើកឡើងថា វ៉ាក់សាំងកូវីដ១៩ អាចនឹងត្រូវចាក់ជាបន្ដបន្ទាប់ មិនទាន់បញ្ចប់ត្រឹមដូសទី៣ ឬទី៤នោះទេ ប៉ុន្ដែត្រូវមានការសិក្សា ច្បាស់លាស់ដើម្បីកំណត់ពីការរក្សាគម្លាតពីដូសមួយ ទៅដូសមួយ ចន្លោះ៦ខែ ឬមួយឆ្នាំ។

ក្នុងបទសម្ភាសន៍រួមគ្នានៅក្រសួងសុខាភិបាល បង្ហាញពីបច្ចុប្បន្នជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង» នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា យោងទៅ លើការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ ដែលចេះតែបំប្លែងខ្លួនជាបន្ដបន្ទាប់នោះ សម្រាប់ការចាក់ដូសទី៤ នៅកម្ពុជាអាចនឹងត្រូវចាប់ផ្ដើមនៅឆ្នាំ២០២២ខាងមុខ ចំពោះអ្នកដែលបានចាក់ដូសទី៣រួចរាល់ ហើយបានរយៈពេល៦ខែឡើង។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់បែបនេះថា «អាចពី៦ខែ ទៅមួយឆ្នាំ ដែលយើងត្រូវចាក់ដូសទី៤ នេះជាបន្ដទៀត តែចំណុចនេះត្រូវឲ្យមានភាពច្បាស់លាស់នៅពេលណាដែលមានការបកស្រាយ ឬការសិក្សាបន្ថែមទៀត ដែលនេះគ្រាន់តែជាការសង្ស័យរបស់យើង។ តែចំណុចដែលខ្ញុំគិតថាប្រាកដ ដូសទី៤នេះ គឺត្រូវតែចាក់តែមិនទាន់ចាក់ថ្ងៃណា ហើយក្រោយពីដូសទី៤ទៅ ដូសទី៥នឹងមាន»

បើតាមលោកជំទាវ ឱ វណ្ណឌីន ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចនឹងត្រូវចាក់ដូសវ៉ាក់សាំង ផ្ដាសាយ ពោលត្រូវចាក់ជាបន្ដបន្ទាប់ តែត្រូវរង់ចាំការសិក្សាច្បាស់លាស់អំពីរយៈពេលក្នុងការចាក់។

ពាក់ព័ន្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ផងដែរ រាជរដ្ឋាភិបាលក៏បានផ្ដល់សិទ្ធិឲ្យវិស័យឯកជន អាចនាំចូល និងចាក់ជូនប្រជាពលរដ្ឋបានដូចគ្នា ផងដែរ ដែលប្រៀបដូចជាការផ្ដល់នូវជម្រើសស្វែងរកសេវាចាក់វ៉ាក់សាំងកូវីដ១៩ នៅពេលណា ដែលវិស័យឯកជនចាប់ផ្ដើមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរក្សាទុកវ៉ាក់ សាំងនេះបានត្រឹមត្រូវតាមក្បួនបច្ចេកទេស៕