ព្រឹកថ្ងៃពុធ នេះ ព្រះមហាក្សត្រ យាងទៅចូលរួមមហាសន្និបាតអង្គការយូណេស្កូ នៅប្រទេសបា រាំង


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ យាងទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមម ហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងឱកាសយាងចូលរួម មហាសន្និបាតនេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ព្រះមហាក្សត្រខ្មែរ នឹងថ្លែងព្រះរាជសុន្ទរកថា នៅក្នុងពិធី បើកសម័យប្រជុំជាផ្លូវការ នៃមហាសន្និបាត ដោយផ្តោតលើសមិទ្ធផលសំខាន់ៗរបស់អង្គការយូ ណេស្កូ នៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងការយាងចាកចេញពីមាតុប្រទេសនេះ ព្រះករុណ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានចេញព្រះរាជសារផ្តល់ដំណឹង ដល់ប្រជារាស្ត្ររបស់ព្រះអង្គផងដែរ។

នៅក្នុងព្រះរាជសារផ្តល់ដំណឹងនៃព្រះអវត្តមានរបស់ព្រះអង្គពីមាតុប្រទេសនេះ ព្រះមហាក្សត្រខ្មែរ ក៏បានជូនដំណឹងពីការផ្តល់នូវព្រះរាជភារកិច្ចរបស់ព្រះអង្គ ជូនទៅសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រមុខរដ្ឋស្តីទី ដើម្បីអន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យនាថ្ងៃទី១១ ខែវិច្ឆិកា។

កម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១។ ការិយាល័យអង្គការយូណេស្កូនៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១។ យូណេស្កូនៅកម្ពុជាធ្វើការងារនៅក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជា (UNDAF) ឆ្នាំ២០១៩-២០២៣ ដែលសំដៅលើកកម្ពស់ការអប់រំ, បរិស្ថាន, ទំនាក់ទំនង និងព័ត៌មាន, មរតកវប្បធម៌, សេរីភាពនៃការបញ្ចេញមតិ និងវិទ្យាសាស្រ្តធម្មជាតិ ដើម្បីជាមធ្យោ បាយឆ្ពោះទៅសម្រេចបាននូវ របៀបវាៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។

បន្ទាប់ពីតំបន់អង្គរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិមួយ សម្រាប់ការអភិរក្សនិងការអភិវឌ្ឍ តំបន់ ប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៩៣។

ការបង្កើត ICC-Angkor គឺកើតចេញពីលក្ខខណ្ឌកំណត់ដោយគណៈកម្មាធិការបេតិក ភណ្ឌពិភ ពលោក ដើម្បីទទួលស្គាល់តំបន់អង្គរទៅក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការ យូណេស្កូ។

ប្រាសាទរបស់កម្ពុជាចំនួន៣ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក តាមរយៈមហា សន្និបាទអង្គការយូណេស្កូនេះ រួមមាន៖ ប្រាសាទអង្គរ ត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភព លោកនៅឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសម្បូរព្រៃគុក នៅឆ្នាំ២០១៧។

ចំណែកសម្បត្តិវប្បធម៌អរូបិយរបស់កម្ពុជាចំនួន៥ ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌយូណេ ស្កូផងដែរ រួមមាន៖ ល្ខោនខោល ដាក់បញ្ចូលនៅឆ្នាំ២០១៨, ចាប៉ីដងវែង នៅឆ្នាំ២០១៦, ល្បែង ទាញព្រ័ត្រ នៅឆ្នាំ២០១៥, របាំព្រះរាជទ្រព្យ នៅឆ្នាំ២០០៨ និងល្ខោនស្រមោលស្បែកធំ នៅ ឆ្នាំ២០០៨។ ជាមួយគ្នានេះ គុនល្បុក្កតោ ក៏ត្រូវបានស្នើឲ្យយូណេស្កូ ពិចារណាដើម្បីដាក់បញ្ចូលក្នុង បញ្ជីបេតិកភណ្ឌពិភពលោកអរូបិយផងដែរ៕