ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺ កូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ


 (ភ្នំពេញ)៖ បន្ទាប់ពីប្រតិបត្តិការយ៉ាងស្វិតស្វាញរយៈពេលជាង៨ខែ ការចាក់វ៉ាក់សាំងបង្ការ ជំងឺ កូវីដ១៩ ជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ឈានដល់បិទយុទ្ធនាការសម្រាប់ការចាក់ជូនអ្នកមានអាយុ ៦ឆ្នាំឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះហើយ។ ទន្ទឹមនឹងការបិទយុទ្ធនាការចាក់សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើងនេះ ក៏នឹងមានការបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារ មានអាយុ ៥ឆ្នាំនេះ។

ការប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើងនៅថ្ងៃ ទី០១វិច្ឆិកានេះគឺជាការបង្ហាញឱ្យឃើញនូវជោគជ័យដ៏ត្រជាក់ត្រចង់របស់កម្ពុជាលើគោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ។

កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ បានរងនូវការឆ្លងរីករាលដាលជំងឺ កូវីដ១៩យ៉ាងស្រួចស្រាវក្រោយព្រឹត្តិការណ៍ «ឆ្លងក្នុងសហគមន៍២០កុម្ភៈ»។ រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបើកការសមរភូមិប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយ ជំងឺឆ្លងសាកល ដែលត្រូវបានសម្តេចតេជោចាត់ទុកជាសត្រូវគ្មានស្រមោលនេះ ដើម្បីការពារអាយុ ជីវិតរបស់ប្រជាពលរដ្ឋ។

វិធានការជាច្រើនត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការចម្លង និងការរីករាលដាលជំងឺ តាមវិធានការសុខាភិបាល ដូចជាការបិទខ្ទប់តំបន់ឆ្លងរីករាលដាលខ្លាំង បិទអាជីវកម្មមិនចាំបាច់ បិទការធ្វើដំណើរឆ្លងដែន និងការជំរុញប្រជាពលរដ្ឋអនុវត្តវិធានការការពារ «៣កុំ៣ការពារ»។ ក្រៅតែពីការប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលហើយនោះ ការប្រឹងប្រែងក្នុងការរុករកអ្នកឆ្លងជំងឺ និងជួយព្យាបាលអ្នកឆ្លងឱ្យផុតពីការស្លាប់ ក៏ជាកិច្ចប្រឹងប្រែង ដ៏ខ្លាំងក្លាមួយរបស់រាជរដ្ឋាភិបាល។

ក្រុមគ្រូពេទ្យ ដែលត្រូវបានប្រសិទ្ធនាមជា «ទ័ពអាវស» រួមជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញា ធរពាក់ព័ន្ធ បានប្រឹងប្រែងរួមគ្នាដោយមិនសំចៃកម្លាំងនោះឡើយ ក្រោមបទបញ្ជារួមពីអគ្គមេបញ្ជា ការកំពូលលើសមរភូមិ សម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការឆ្លង និងការស្លាប់របស់ប្រ ជាពលរដ្ឋ។

ទន្ទឹមនឹងយុទ្ធសាស្ត្រសឹកទប់ស្កាត់ការចម្លង និងព្យាបាលពលរដ្ឋហើយនោះ អគ្គមេបញ្ជាការកំពូល តេជោសែន ក៏បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាយុទ្ធសាស្ត្រសឹក ដ៏ចាំបាច់ក្នុងការយកឈ្នះលើសមរភូមិសង្គ្រាមមេរោគកូវីដ១៩នេះ។

ថ្ងៃទី១០ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្កា រជំងឺកូវីដ១៩ ជាមួយវ៉ាក់សាំងស៊ីណូហ្វាម ប្រមាណជា ៦០ម៉ឺនដូស ដែលជាជំនួយដំបូងរបស់ រដ្ឋាភិបាល និងប្រជាជនចិនមកកាន់កម្ពុជា។

ការសម្រេចិត្តបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាមួយវ៉ាក់សាំងរបស់ចិននេះ គឺជាសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកមួយរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនោះ។ ការលំបាកនោះ គឺការសម្រេចចិត្តប្រើវ៉ាក់សាំង ដែលមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាព ពិភពលោក ហើយត្រូវបានអង្គការសង្គមស៊ីវិល ក្រុមជំទាស់រាជរដ្ឋាភិបាល ចាប់យកឱកាសនេះ រិះគន់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាលរបស់សម្តេច ជាពិសេសបុគ្គលសម្តេចផ្ទាល់តែម្តង។ ពួកគេបានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រី មិនគួរប្រថុយប្រថានផ្តល់វ៉ាក់សាំង ដែល អង្គការសុខភាពពិភពលោកមិនទាន់ទទួលស្គាល់ចាក់ជូនប្រជាពលរដ្ឋនោះឡើយ ខណៈ ក្រុម ជំទាស់បានឆ្លៀតចាប់យកបញ្ហាជារបៀបវារៈនយោបាយ ដោយចោទសម្តេចថា យកពលរដ្ឋខ្មែរ ពិសោធន៍វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិនជាដើម។

ល្បឿននៃការចាក់វ៉ាក់សាំង គឺជាកត្តាកំណត់មួយសម្រាប់ភាពជោគជ័យ ឬបរាជ័យ នៃការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ដែលប្រៀបដូចការធ្វើសង្គ្រាមនៅលើសមរភូមិដូច្នោះដែរ បើបញ្ជាទ័ពខុស ឬវាយសត្រូវយឺត អាចនឹងធ្វើឱ្យចម្បាំងត្រូវបរាជ័យទាំងស្រុង។ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំ ដែលជោកជាំលើសមរភូមិសង្គ្រាមក្នុងជម្លោះកម្ពុជាពីអតីតកាលនោះ បានដាក់ចិត្តធ្វើសង្គ្រាមជា មួយកូវីដ១៩ មិនខុសពីសង្គ្រាមប្រដាប់អាវុធពីអតីតកាលនោះដែរ។

សម្តេចតេជោ បានគោរពផែនការដែលខ្លួនបានវិភាគថ្លឹងថ្លែងពិចារណា និងសម្រេចចិត្ត ដោយមិន បានរារែកចិត្តតាមការលើកឡើង ការផ្តល់មតិយោបល់របស់ក្រុមអង្គការសង្គមស៊ីវិល និងក្រុម ជំទាស់លើផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជា អ្នកទទួលខុសត្រូវខ្ពស់លើជោគវាសនារបស់ប្រជាពលរដ្ឋ បានប្រឹងប្រែងប្រយុទ្ធមិនដកដៃនោះ ឡើយលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។ យុទ្ធសាស្ត្រ និងវិធានការចាំបាច់ៗត្រូវ ដាក់ជាបន្តបន្ទាប់ ដើម្បីផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានលឿនរហ័សតាមដែលអាច ធ្វើទៅបាន។

ក្រៅតែពីការកសាងផែនការចាក់ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រើនយោបាយទាំង ត្រជាក់ និងក្តៅ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ព្រោះថាការចាក់ ដំបូងៗប្រជាពលរដ្ឋហាក់អល់អែកក្នុងការទៅទទួលវ៉ាក់សាំងនេះ។

ដើម្បីសម្រេចផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ត្រឹមមានផែនការល្អសម្រាប់ក្នុងការចាក់ ជូនប្រជាពលរដ្ឋ មិនទាន់គ្រប់គ្រាន់នោះឡើយ ប្រសិនបើកម្ពុជារកមិនបានវ៉ាក់សាំងតាមផែនការ របស់ខ្លួនទេនោះ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវយុទ្ធវិធីចាំបាច់មួយចំនួនក្នុង ការស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។

ពាក់ព័ន្ធការរកវ៉ាក់សាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានបញ្ជាក់ថា សម្តេចតេជោមិន មែនជាមេទ័ពដែលឱ្យទ័ពចូលសមរភូមិខ្វះយុទ្ធោបករណ៍សម្រាប់ប្រយុទ្ធនោះឡើយ ហើយបើវាយ ចូលសមរភូមិ គឺវាយសន្ធប់យកតែម្តង។ ឈរលើស្មារតីនេះ សម្តេចតេជោ ក៏បានសម្រេចយកចិន ធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំង ឱ្យកុមារ អាយុ១២ ឆ្នាំ ដល់១៨ឆ្នាំថា «ប៉ុន្តែដោយសារមានបញ្ហាគ្រប់គ្រាន់ទៅលើបញ្ហាទាំងឡាយ ដែលធ្លាប់បានកើត ពីអតីតកាល ខ្ញុំបានប្រាប់ទៅឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រាប់ទៅឯកឧត្តម វង្ស៉ី វិស្សុត ដែលជាប្រធាន គណៈកម្មការលទ្ធកម្មថា ឱ្យដកអ្វីដែលជាការសន្យា ការសន្យាពេលមុន គឺមានតែកូវ៉ាក់៧លានដូស និងអូស្ត្រាលី៣លានដូស ស្មើនឹង១០លានដូស ហើយដកចេញពីការគិតគូរនៅក្នុងគំនិតរបស់យើង តែត្រូវនិយាយឱ្យច្បាស់ គឺត្រូវយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។ រីឯប្រភពដទៃទៀត ជាប្រភពគាំទ្រ»

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «បញ្ហារបស់ខ្ញុំពេលនេះ ដូចពេលមានសង្គ្រាមអ៊ីចឹង។ ខ្ញុំមិនដែលឱ្យបទបញ្ជាទៅថា ត្រូវបាញ់តែ៥គ្រាប់ទេ បាញ់ទៅតាមតម្រូវការនៃការកៀបសង្កត់ ឬក៏កម្ទេចគោលដៅ។ រីឯខ្ញុំបញ្ជាទៅ វង្ស៉ី វិស្សុត ថា ឱ្យតែចិន ហារមាត់ថាលក់មានប៉ុណ្ណា គឺទិញប៉ុណ្ណឹង»