អាមេរិកផ្តាច់ជីវិតមេដឹកនាំជាន់ខ្ពស់អាល់កៃដាម្នាក់ ដោយប្រើយន្តហោះដ្រូន នៅក្នុងប្រទេសស៉ីរី


 (បរទេស)៖  តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ គឺយោធាអាមេរិកបានបើកការវាយប្រហារ ដោយប្រើប្រាស់យន្តហោះដ្រូន ដើម្បីផ្តាច់ជីវិតមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមភេរវករអាល់ដៃកា គឺលោក អាប់ឌុល ហាមីដ អាល់-ម៉ាថា (Abdul Hamid al-Matar) នៅក្នុងទឹកដីប្រទេសស៊ីរី កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រកបដោយជោគជ័យ។

មន្ត្រីជាន់ខ្ពស់យោធាអាមេរិកមួយរូប គឺលោក ចន រីកស៍ប៊ី (John Rigsbee) បានចេញសេចក្តីថ្លែង ការណ៍មួយថា «ការកម្ចាត់ចេញនូវមេដឹកនាំជាន់ខ្ពស់អាល់កៃដា (Abdul Hamid al-Matar) នឹង បង្អាក់សមត្ថភាពរបស់អង្គការភេរវកម្មនេះ ក្នុងការរៀបគម្រោង និងធ្វើការវាយប្រហារជាសកល ដែល គំរាមកំហែងដល់ពលរដ្ឋអាមេរិក ដៃគូរបស់យើង និងជនស៊ីវិលស្លូតត្រង់»

សូមបញ្ជាក់ថា ការវាយប្រហារខាងលើនេះ បានកើតមានឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមូលដ្ឋាន ត្រួតពិនិត្យមួយរបស់សហរដ្ឋអាមេរិក ស្ថិតនៅភាគខាងត្បូងប្រទេសស៊ីរី បានរងការវាយប្រហារ។ ជុំវិញហេតុការណ៍នេះ លោក John Rigsbee មិនបានបញ្ជាក់នោះឡើយថា សហរដ្ឋអាមេរិកបាន បើកការវាយប្រហារដោយយន្តហោះដ្រូន ជាការសងសឹក ឬមួយក៏យ៉ាងណានោះ៕