វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «៣,៦៤៦ករណី» និងស្លាប់៧២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ


 (ហាណូយ)៖  តាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អោយដឹងថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បាន ប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៣,៦៤៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ សុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញ ដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់១,៣៤៧នាក់។ ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នក ស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន៧២នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៧៣,៩០១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៩៦,៥៨៣ នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,៤១៦នាក់៕