(ហ្សាការតា)៖ យោងតាមសេចក្តីរាយការណ៍របស់កាសែត Nikkei Asia បានអោយដឹងថា ប្រ ទេសឥណ្ឌូនេស៊ូនឹងត្រូវការទឹកប្រាក់រហូតដល់ ២០០ប៊ីលានដុល្លារក្នុងមួយឆ្នាំនៅ ទសវត្ស៍ក្រោយ និងជាង ១ទ្រីលានដុល្លារក្នុងមួយឆ្នាំនៅរយៈពេល ៤ទសវត្សរ៍ខាងមុខ ដើម្បីសម្រេចបានទិសដៅ បញ្ចេញឧស្ម័នកាបូនសូន្យរបស់ខ្លួននៅត្រឹមឆ្នាំ២០៦០។
ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះបង្ហាញឱ្យឃើញពីតម្រូវការការផ្តល់ហិរញ្ញវត្ថុដ៏ច្រើននៅក្នុងប្រទេសដែលពឹងផ្អែកខ្លាំងលើធ្យូងថ្មមួយនេះ។របាយការណ៍មួយដែលចេញផ្សាយដោយក្រសួងរៀបចំផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ី បានឱ្យដឹងថា ការផ្តល់ហិរញ្ញប្បទានដ៏ច្រើននេះនឹងចាំបាច់ត្រូវ ធ្វើឡើងដើម្បីផ្លាស់ប្តូរឥណ្ឌូនេស៊ីទៅជាប្រទេសដែលគ្មានការបញ្ចេញកាបូននៅត្រឹមឆ្នាំ២០៦០ ទាំង តាមរយៈការផ្លាស់ប្តូរការវិនិយោគដែលមានស្រាប់ និងប្រភពហិរញ្ញវត្ថុថ្មីៗ។
កាសែត Nikkei Asia បានរាយការណ៍ដោយដកស្រង់របាយការណ៍នេះថា តម្រូវការវិនិយោគជារួម នឹងមានចំនួនជាមធ្យមពី ១៥០ប៊ីលានដុល្លារដល់ ២០០ប៊ីលានដុល្លារក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២១ ដល់ ២០២៣ ចំនួន ៧០០ប៊ីលានដុល្លារដល់ ១ទ្រីលានដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេលមួយ ទសវត្សរ៍បន្ទាប់ ចំនួន ១,៣ទ្រីលានដុល្លារដល់ ១,៦ទ្រីលានដុល្លារក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤១ ដល់ ២០៥០ និងចំនួន ២,១ទ្រីលានដុល្លារដល់ ២,២ទ្រីលានដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេលពីរ ទសវត្សរ៍បន្ទាប់ខាងមុខ។
របាយការណ៍ដដែលនេះបានឱ្យដឹងទៀតថាមូលនិធិដើម្បីផ្តល់ហិរញ្ញប្បទានដល់ការផ្លាស់ប្តូរនេះអាចទទួលបានមកពីការលុបចោលការឧបត្ថម្ភធនប្រេងឥន្ធនៈ និងការកំណត់តម្លៃកាបូន ដែលអាច សន្សំប្រាក់បាន និងបង្កើតប្រាក់ចំណូលថ្មីប្រហែលស្មើនឹង ២,២ភាគរយនៃផលិតផលក្នុងស្រុក សរុបក្នុងឆ្នាំ២០៣០។ ប្រទេសឥណ្ឌនេស៊ីនាពេលថ្មីៗនេះបានអនុម័តការធ្វើកំណែទម្រង់បទប្បញ្ញត្តិពន្ធ ដោយដាក់ចេញ គម្រោងដកហូតពន្ធកាបូន។
របាយការណ៍បានបន្តថា ជាមួយ «កំណែទម្រង់បទប្បញ្ញត្តិសមស្រប ព្រមទាំងវិធានការទប់ស្កាត់ ហានិភ័យនានាដូចជាការធានា ការប្រតិបត្តិការរួម និងភាពជាដៃគូសាធារណៈ-ឯកជន» ឥណ្ឌូនេស៊ី អាចសម្របសម្រួលការវិនិយោគឯកជនផងដែរ ជាពិសេសក្នុងទសវត្សរ៍នេះ និងទសវត្សរ៍ក្រោយ ជាពេលដែលក្រសួងរៀបចំផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ី រំពឹងថា ការវិនិយោគនឹងកើនឡើង ដល់កម្រិតខ្ពស់បំផុត។
តម្រូវការមូលនិធិនេះបង្ហាញឱ្យឃើញពីកិច្ចការដ៏ធំមួយដែលឥណ្ឌូនេស៊ីប្រឈមក្នុងការងាកចេញពីធ្យូងថ្មដែលជាទំនិញសំខាន់មួយសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ ប្រទេសនេះគឺជាអ្នកនាំចេញធ្យូងថ្មកម្តៅ (thermal coal) ធំបផុតក្នុងពិភពលោកដែលបង្កើតប្រាក់ ចំណូលដ៏ច្រើនដល់ថវិកាជាតិ។ ធ្យូងថ្មក៏ផ្តល់ថាមពលអគ្គិសនីក្នុងតម្លៃទាបបំផុតផងដែរ ដោយ ៥០ភាគរនៃថាមពលរបស់ប្រទេសនេះបានមកពីធ្យូងថ្ម។
ឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់ទី ៥៤ ក្នុងចំណាត់ថ្នាក់និរន្តរភាពបរិស្ថានរបស់ ក្រុមប្រឹក្សាថាមពល ពិភពលោក (WEC) នៅឆ្នាំនេះ៕