(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសារការកើនឡើងការរាតត្បតជំងឺកូវីដ-១៩ ប្រភេទដែលតា និងការចាក់វ៉ាក់សាំងយឺតយ៉ាវ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg។
ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា មូលនិធិដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីន តោននេះ បច្ចុប្បន្នរំពឹងថា សេដ្ឋកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងកើនឡើង ៦,៥ភាគរយនៅឆ្នាំនេះ ដែលធ្លាក់ចុះ១,១ពិន្ទុភាគរយធៀបនឹងការព្យាករដែលចេញផ្សាយក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចកាលពីខែមេសា ប៉ុន្តែជាមួយនឹងកំណើននេះ តំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែជាតំបន់ដែល មានកំណើនខ្ពស់ជាងគេក្នុងពិភពលោកដដែល។
មូលនិធិ IMF បានឱ្យដឹងទៀតថា សេដ្ឋកិច្ចរបស់តំបន់នេះក្នុងឆ្នាំ២០២២ ត្រូវបានរំពឹងថាអាចកើន ឡើង ៤,៩ភាគរយ ដែលខ្ពស់ជាងការព្យាករកន្លងមក ០,៤ពិន្ទុ។
លោក Changyong Rhee ប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិករបស់មូលនិធិ IMF បានឱ្យដឹងក្នុង សេចក្តីប្រកាសព័ត៌មានមួយថា៖ «ការចាក់វ៉ាក់សាំងយឺតយ៉ាវក្នុងតំបន់អាស៊ី គឺជាកត្តាមួយក្នុង ចំណោមកត្តាសំខាន់ៗសម្រាប់ការថមថយសន្ទុះកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីនៅឆ្នាំនេះ»។
ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ទៀតថា ការទម្លាក់ព្យាករភាគច្រើនគឺដោយសារការ ថមថយកំណើនសេដ្ឋកិច្ចក្នុងប្រទេសឥណ្ឌា ដែលឥឡូវត្រូវបានព្យាករថានឹងកើនឡើង ៩,៥ភាគរយ នៅឆ្នាំនេះ និងតំបន់អាស៊ីអាគ្នេយ៍ ដែលវីរុសកូវីដ-១៩ បន្តវាយប្រហារ។ ការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសជប៉ុនត្រូវបានទម្លាក់មកនៅត្រឹម ២,៤ភាគរយ ហើយ អូស្រ្តាលីទម្លាក់មកនៅត្រឹម ៣,៥ភាគរយ ខណៈដែលចក្ខុវិស័យសេដ្ឋកិច្ចសម្រាប់កូរ៉េខាងត្បូងត្រូវ បានដំឡើងដល់ ៤,៣ភាគរយ និងណូវែលសេឡង់ដំឡើងដល់ ៥,១ភាគរយ។
ការព្យាករសេដ្ឋកិច្ចរបស់ចិនត្រូវបានទម្លាក់មកនៅត្រឹម ៨ភាគរយធៀបនឹង ៨,៤ភាគរយដែល ព្យាករកន្លងមក ដោសារការផ្ទុះជំងឺវីរុសដែលកំពុងបន្តកើតមាន ការរឹតបន្តឹងគោលនយោបាយ សារពើពន្ធ និងបញ្ហានៅក្នុងវិស័អចលនទ្រព្យ៕