ក្រសួងការពារជាតិ ស្នើឱ្យជនដែលយកឈ្មោះ និងឡូហ្គោក្រសួងទៅបង្កើត Telegram ត្រូវប្តូរចេញ ជាបន្ទាន់


 (ភ្នំពេញ)៖ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានពិនិត្យឃើញ ថា នារយៈពេលកន្លងមកនេះមាន «តេឡេក្រាមសាធារណៈមួយចំនួន» បានយកឈ្មោះ «ក្រសួងការ ពារជាតិ និងសញ្ញាសម្គាល់ក្រសួងការពារជាតិ (ឡូហ្គោ)» ធ្វើជាប្រូហ្វាល់ (Profile) ទៅប្រើប្រាស់លើ បណ្តាញព័ត៌មានសង្គមដោយគ្មានការអនុញ្ញាតពីស្ថាប័នសាម៉ី។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ ថា៖ «នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ សូមប្រកាសបដិសេធ មិនទទួលស្គាល់រាល់សកម្មភាព និងការផ្សព្វផ្សាយរបស់តេឡេក្រាមសាធារណៈទាំងឡាយណា ដែលគ្មានការយល់ព្រម និងអនុញ្ញាតពីក្រសួងការពារជាតិ»

នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានគូសបញ្ជាក់បន្ថែមថា៖  «សូមអំពាវនាវឱ្យម្ចាស់តេឡេក្រាម សាធារណៈខាងលើធ្វើការប្តូរឈ្មោះ និងប្តូរឡូហ្គាសញ្ញាសម្គាល់ ក្រសួងការពារជាតិ ចេញជាបន្ទាន់ បើពុំដូច្នេះទេ ក្រសួងការពារជាតិនឹងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន»