(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតរំលែកទុក្ខ ចំពោះមរណភាពឪពុកបង្កើតរបស់ តារាចម្រៀង ករុណា ពេជ្រ ដែលបានទទួលមរណភាព នាពេលថ្មីៗនេះ។ នេះបើយោងតាមលិខិតរំលែកទុក្ខ ដែល ទទួលបាននៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។
តាមរយៈលិខិតរំលែកទុក្ខនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមសម្តែងនូវការសោកស្តាយ ដោយក្តីស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ឧបាសក ម៉ុក សាខន ដែលជាការបាត់បង់នូវឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ជ្រាលជ្រៅ ចំពោះកូន និងចៅជាទីស្រឡាញ់»។
សូមជម្រាបថា តារាចម្រៀងបែបយុវវ័យប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ កំពុងជួបទុក្ខធំ ព្រោះតែឪពុកបង្កើត ដែលលោកបានខិតខំមើលថែទំនុកបំរុងថ្នាំសង្កូវ ព្យាយាមព្យាបាលអស់ពីលទ្ធភាពនោះ បានទទួលមរណភាពនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយសារជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាល ពោលគឺក្លាយជាមនុស្សដេកស្ដូកស្ដឹងជាប់នឹងគ្រែ មិនអាចកម្រើកបាន អស់រយៈពេលជាង ៣ឆ្នាំមកហើយ។
បើតាមគណនី Facebook ផ្លូវការរបស់លោក ករុណា ពេជ្រ ផ្ទាល់ក៏បានបង្ហោះសារបញ្ជាក់ពីការទទួលមរណភាពរបស់ឪពុកលោក ដោយបានសរសេរសារថា «ប៉ាខ្ញុំទៅចោលខ្ញុំហើយ សូមប៉ា ទៅអោយសុខ។ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយ ដែលពោរពេញដោយសុភមង្គល ណាប៉ាណា…»។
លោក ករុណា ពេជ្រ បានជួបនូវក្ដីលំបាកក្រៀមក្រំ រយៈពេលជាង ៣ឆ្នាំមកហើយ ព្រោះតែឪពុករបស់លោក មានជំងឺលើសឈាម និងដាច់សសៃក្នុងខួក្បាល បណ្ដាលឲ្យគាត់ក្លាយទៅជាមនុស្សរុក្ខជាតិ ហើយលោក ករុណា ពេជ្រ បានចំណាយថវិកាព្យាបាលអស់ ដល់ទៅជាង ២០ម៉ឺនដុល្លារទៅហើយ នៅតែមិនអាចជាសះស្បើយ ឬប្រសើរឡើងវិញ។
ទីបំផុត នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឪពុករបស់លោក ក៏បានទទួលមរណភាព និងមានមិត្តសិល្បៈរួមអាជីពជាបន្តបន្ទាប់ បានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារលោក ករុណា ពេជ្រ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់យ៉ាងធំធេងក្នុងគ្រួសារ៕
ខាងក្រោមនេះជាលិខិតរំលែកទុក្ខពីសម្តេចតេជោនាយករដ្ឋមន្ត្រី ផ្ញើទៅលោក ករុណា ពេជ្រ និងគ្រួសារ៖