(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបកោះហ្គាំរបស់សហរដ្ឋអាមេរិក ក្នុងជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers(Play-Off) នាវេលាម៉ោង ១១យប់ថ្ងៃទី១២ ខែតុលានេះ នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គចែកពូលជុំទី៣ នៃព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ។ នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមគោព្រៃ ទោះបីកម្ពុជាមានប្រៀបជាងកោះហ្គាំ ក្រោយយកឈ្នះ ១-០ កាលពីជើងទី១ ក៏ដោយ។ ការប្រកួតនេះ កម្ពុជាត្រូវការយ៉ាងហោចស្មើ ដើម្បីធានាកៅអីវគ្គបន្ដ តែបើកោះហ្គាំ ឈ្នះ ១-០ វិញ ការប្រកួតនឹងឈានដល់ការថែមម៉ោង ឬឈានដល់វគ្គការទាត់ ប៉េណាល់ទីកាត់សេចក្ដី។ ហើយបើកោះហ្គាំ ឈ្នះ ២-១ ឬ ៣-២ ជាដើមវិញ ពួកគេនឹងឡើងវគ្គ បន្ដតែម្ដង។
សូមបញ្ជាក់ថា ក្នុងការប្រកួត Play-Off នេះ ក្រុមជម្រើសជាតិកម្ពុជានឹងទទួលបានថវិកាចំនួន ១០ម៉ឺនដុល្លារពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រសិនបើកម្ពុជា ដណ្ដើមបាន កៅអីវគ្គបន្ដ។ រីឯលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រកាសឧបត្ថម្ភ ៥,០០០ដុល្លារ សម្រាប់ការទាត់បញ្ចូលទីកោះហ្គាំក្នុង ១គ្រាប់ផងដែរ។ នេះបើយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕