អាល្លឺម៉ង់ កក់កៅអីទៅលេង World Cup 2022 នៅកាតាមុនគេ ក្រោយបំបាក់ម៉ាសេដូនី ៤-០

(ប៊ែកឡាំង)៖ ឥន្រ្ទីដែកអាល្លឺម៉ង់បានក្លាយជាក្រុមបាល់ទាត់ដំបូងគេដែលរកឃើញកៅអីទៅលេងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំក្រោយនេះនៅប្រទេសកាតា ក្រោយពេលជ័យជម្នះដ៏អស្ចារ្យ ៤ទល់នឹង០ ទៅលើម្ចាស់ផ្ទះម៉ាសេដូនីខាងជើង (North Macedonia) នៅរាត្រីឆ្លងចូលថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។៣ពិន្ទុបន្ថែមស្រួលៗក្រៅដីនេះ បានធ្វើឲ្យក្រុមរបស់លោក Hansi Flick រកបាន ២១ពិន្ទុ នាំមុខកំពូលតារាងនៃពូល J ដាច់ គ្រាដែលក្រុមលេខ២ រ៉ូម៉ានីមានតែ ១៣ពិន្ទុប៉ុណ្ណោះពីការប្រកួតជម្រុះប្រចាំតំបន់អឺរ៉ុប UEFA ដ្បិតនៅសល់ ២ប្រកួតទៀតក៏ដោយ ក្នុងចំណោម ៦ប្រទេសដែលស្ថិតក្នុងពូលជាមួយគ្នារួមមាន អាល្លឺម៉ង់ រ៉ូម៉ានី ម៉ាសេដូនីខាងជើង អាមេនី អ៊ីស្លង់ និងលិចធិនស្ថាន។

ខ្សែប្រយុទ្ធមកពីក្លិបតោខៀវ Chelsea រួមមាន Kai Havertz រកបាន ១គ្រាប់ និង Timo Werner រកបាន ២គ្រាប់ គ្រាដែល Musiala រកបាន ១គ្រាប់ចុងម៉ោង ដើម្បីជួយអាល្លឹម៉ង់កក់កៅអីវគ្គ ៣២ក្រុមចុងក្រោយមុនគេសម្រាប់ Word Cup 2022 នៅប្រទេសកាតាមុនគេ ដោយមានបារាំង ជាក្រុមការពារតំណែងជើងឯក។

អាល្លឺម៉ង់ ជាអតីតក្រុមជើងឯក World Cup ៤សម័យស្មើទៅនឹងអ៉ីតាលីផងនោះ បានឈានដល់ ជុំចុងក្រោយពាន ៤ឆ្នាំម្តងនេះជាលើកទី២០ នៅពេលសាំបាប្រេស៊ីលឈានដល់ជុំនេះច្រើនជាង គេមានដល់ទៅ ២១ដងជាប្រវត្តិសាស្រ្ត៕