រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំឲ្យប្រធានពន្ធនាគារ ខេត្តប៉ៃលិនថ្មី មិនត្រូវកៀបសង្កត់ អ្នកទោសឡើយ ហើយត្រូវសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អ

ប៉ៃលិនៈ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់ប្រធានពន្ធនាគារ ទើបឡើងថ្មី មិនត្រូវយកបុណ្យសក្តិ និងតួនាទី ទៅកៀបសង្កត់ លើអ្នកទោសឡើយ ហើយត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អ មិនត្រូវក្តោបអំណាច តែម្នាក់ឯង ត្រូវបែងចែកតួនាទី ឲ្យមន្ត្រីថ្នាក់ ក្រោម ឲ្យមានការងារធ្វើ ទាំងអស់គ្នា។

ឯកឧត្តម ប៉ាវ ហមផាន បានណែនាំដូចនេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារថ្មី ខេត្តប៉ៃលិន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំធំ នៃសាលាខេត្តប៉ៃលិន ។

ក្នុងពិធីនេះដែរ ក៏មានវត្តមានលោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោកឧត្តមសេនីយ៍ សេង សុគន្ធ ស្នងការនគរបាលខេត្ត ព្រមទាំងប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន និងអនុរក្សពន្ធនាគារ ជាច្រើនរូប៕