សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សិក្សាលទ្ធភាពការចាក់វ៉ាក់ សាំងដល់កុមារអាយុ៣ ទៅ៦ឆ្នាំ ដែលមានប្រមាណជាង ៩១ម៉ឺននាក់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យគណៈកម្មការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ សិក្សាបន្ថែមអំពីលទ្ធភាពការចាក់វ៉ាក់សាំងដល់កុមារអាយុ៣ឆ្នាំ ទៅអាយុ៦ឆ្នាំ ដែល មានចំនួន ៩១៥,០៤៦នាក់ នៅក្នុងប្រទេសកម្ពុជា ខណៈដែលពួកគេត្រូវចូលសិក្សាថ្នាក់មត្តេយ្យ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។

ការណែនាំបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២១នេះក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំ នៅវិមានសន្តិភាព។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានណែនាំយ៉ាងដូច្នេះថា៖ «ទាក់ទិននឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ក្មេងដែលមានអាយុ៣ ទៅ៦ឆ្នាំ ក្នុងនោះយោងទៅលើអ្វីដែលជាកិច្ចការទៅខាងមុខ ដែលខ្ញុំត្រៀមនឹងជម្រាប គឺមានការសុំឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្រប ខណ្ឌទូទាំងប្រទេស និងក្រុមជំនាញវេជ្ជសាស្ត្រជាន់ខ្ពស់ធ្វើការសិក្សាបន្ថែម លើលទ្ធភាពចាក់វ៉ាក់ សាំងលើកុមារ ដែលមានអាយុ៣ឆ្នាំ ទៅ៦ឆ្នាំ ដែលចំនួន ៩១៥,០៤៦នាក់ ហើយរាយការណ៍ឱ្យខ្ញុំ […] នេះជាកិច្ចការទី១ ដែលត្រូវធ្វើនៅពេលខាងនេះ ដែលត្រៀមជម្រាប អញ្ចឹងចាត់ទុកថាបានប្រគល់ ការងារនេះឱ្យគណៈកម្មការចំពោះកិច្ច និងអ្នកជំនាញជាន់ខ្ពស់ផ្នែកសិក្សាអំពីការចាក់វ៉ាក់សាំង»។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថាការរៀបចំសិក្សាពីលទ្ធភាពចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ កុមារមានអាយុ៣ឆ្នាំ ដល់៦ឆ្នាំ គឺជាកិច្ចការទី១ ដែលត្រូវធ្វើនៅពេលខាងមុខនេះ ដូច្នេះ គឺបាន ប្រគល់ការងារនេះទៅគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់កូវីដ១៩ ព្រមទាំងអ្នកជំនាញជាន់ខ្ពស់ផ្នែក វេជ្ជសាស្ត្រ ដើម្បីសិក្សាអំពីការចាក់វ៉ាក់សាំង ដល់កុមារពីអាយុ៣ឆ្នាំ ដល់អាយុ៦ឆ្នាំ។

ជុំវិញការត្រៀមលទ្ធភាពសម្រាប់សិក្សាចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារមានយុ៣ឆ្នាំ ទៅដល់ អាយុ៦ឆ្នាំនេះដែរ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃអាចនឹងប្រើប្រាស់វ៉ាក់សាំងប្រមាណ ២លានដូស ខណៈកុមារទាំងនេះអាចចូលសិក្សាថ្នាក់មតេយ្យសិក្សាបានជាដើម។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រុមអ្នកជំនាញវេជ្ជសាស្ត្រជាន់ខ្ពស់ផ្នែកវ៉ាក់សាំង រកឃើញថាវ៉ាក់សាំងកូវីដ១៩ អាចចាក់ជូនដល់កុមារដែលមានអាយុ៣ឆ្នាំ ទៅអាយុ៦ឆ្នាំ បាន ក្នុងនាមរាជរដ្ឋាភិបាល គឺមិនខ្លាចត្រៀមថវិកា ដើម្បីទិញវ៉ាក់សាំងមកជូនកុមារកម្ពុជាជាង៩១ម៉ឺន នាក់នោះទេ៕