ប្រទេសថៃ មានមនុស្ស ១៤,៥៥៥នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៧៧នាក់ស្លាប់ ក្នុង របាយការណ៍ថ្ងៃសុក្រនេះ

(បាងកក)៖ តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post បានបញ្ជាក់ថា ក្រសួង សុខាភិបាលថៃនៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៥៥៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៣,៧៦៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៧៩០ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៧៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៣,៦៩១នាក់ផ្សេងទៀត ទើបតែត្រូវបាន អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៤៤៨,៧៩២ករណី ក្នុងនោះមានអ្នកស្លាប់ ១៥,១២៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៣០៤,៤៦៦នាក់។ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤១.៦លានដូស ក្នុងនោះប្រជាជន ១៣.៣លាននាក់ (១៩%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕