(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹង ដែលទទួលបាននៅព្រឹកថ្ងៃទី៣១ ខែសីហានេះ គឺបាន អោយដឹងថាបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញ សេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការជំរុញ និងលើកទឹកចិត្ត ដល់ការបង្កើតស្នាដៃផ្ទាំងគំនូរ និងរូបភាព រចនាសិល្បៈ ដើម្បីចូលរួមអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២១។
ក្រសួងអប់រំបានបញ្ជាក់ថា ខ្លួននឹងរៀបចំប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។ ទិវាគ្រូបង្រៀន ជាទិវាមួយ ដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើម ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាំងពីឆ្នាំ១៩៩៧ គឺមានគោល បំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណី នៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះ គ្រូបង្រៀននៅទូទាំងប្រទេស។
នៅគ្រប់កាលៈទេសៈទាំងអស់ គ្រូបង្រៀនបានខិតខំព្យាយាមបំពេញភារកិច្ច ក្នុងការបណ្តុះសម្បទា អប់រំដល់សិស្ស ឱ្យបានប្រកបដោយពុទ្ធិសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងសោភ័ណសម្បទា ដើម្បីក្លាយជាមូលធនសង្គម ដែលប្រកបដោយពុទ្ធិ និងវិបុលភាព ជាប្រជា ពលរដ្ឋពោរពេញ ដោយភាពរស់រវើក និងអំណត់តស៊ូជាពលរដ្ឋសកល និងជាប្រជាជាតិកម្ពុជា ដែល ការពារអធិបតេយ្យភាព និងឯករាជ្យភាពជាតិ។ គ្រូបង្រៀនបានរួមចំណែកកសាងសិស្សានុសិស្សឱ្យក្លាយជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលជា កំលាំង ចលករ នៃការអភិវឌ្ឍន៍សង្គមជាតិមិនអាចខ្វះបានឡើយ។
ដើម្បីជាការលើកតម្កើងគុណតម្លៃ និងការយល់ដឹងជាសាធារណៈ នៃទិវាគ្រូបង្រៀនឱ្យបានកាន់ តែប្រសើរឡើង ក្រសួងអប់រំ សូមជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ នៅកម្រិតមធ្យមសិក្សា (ថ្នាក់ទី៧ ដល់ ទី១២ ឬ កម្រិតថ្នាក់ដែលមានតម្លៃស្មើ) និងដែលមានអាយុមិនលើស១៩ឆ្នាំ សូមចូលរួមរៀបចំបង្កើតស្នា ដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈគ្រប់ប្រភេទ ក្រោមប្រធានបទ «គ្រូបង្រៀនបានធ្វើឱ្យបំណង ប្រាថ្នារបស់ខ្ញុំចាប់ពន្លកឡើង» ដើម្បីចូលរួមអបអរសាទរទិវាគ្រូបង្រៀន៥ តុលា ឆ្នាំ២០២១៕