ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ស្នើថៃពង្រឹងការត្រួតពិនិត្យ គុណភាពទំនិញកសិកម្ម មុននាំចូលកម្ពុជា

(បាងកក, ថៃ)៖ បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើថៃបន្តពង្រឹងលើការត្រួតពិនិត្យគុណភាពទំនិញកសិកម្មនានា មុននាំចូលមកប្រទេសកម្ពុជា ដើម្បីបញ្ចៀសនូវការបង្កទុក្ខទោសដល់សុខភាពប្រជាពលរដ្ឋខ្មែរ។

សំណើលោកបណ្ឌិត សុខ សុក្រឹត្យា បានធ្វើឡើងក្នុងពេលរូបលោក ចូលជួបពិភាក្សាការងារជាមួយលោក Thamanat Prompow អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ និងជាអគ្គលេខាធិការគណបក្សអំណាចប្រជាជន (Palang Pracharath) ដែលជាគណបក្សដឹកនាំរដ្ឋាភិបាលថៃបច្ចុប្បន្ន។

ក្នុងឱកាសនៃជំនួបនោះ លោក Thamanat Prompow បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរអំពីការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខឱ្យទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, លោកបណ្ឌិត សុខ សុក្រឹត្យា បានលើកសំណើទៅកាន់ភាគីថៃពាក់ព័ន្ធការប្រឈមនៃវិស័យកសិកម្មចំនួន ៤ចំណុចរួមមាន៖
ទី១៖ ស្នើបន្តពង្រឹងកិច្ចសហការត្រួតពិនិត្យសុខភាពបសុសត្វ មានលិខិតបញ្ជាក់សុខភាពបសុសត្វមុនធ្វើចរាចរចូលកម្ពុជា
ទី២៖ ស្នើសម្រួលការកកស្ទះទំនិញកសិកម្មនៅតាមព្រំដែនដោយសារការបំពេញបែបបទផ្សេងៗមានការយឺតយ៉ាវ និងស្មុគស្មាញ
ទី៣៖ ស្នើសម្របសម្រួលជំរុញឲ្យមានកិច្ចពិភាក្សាទ្វេភាគីរវាងក្រសួងកសិកម្មកម្ពុជា-ថៃ ក្នុងពេលឆាប់ៗនេះ លើកិច្ចការភូតគាមអនាម័យ (SPS-Sanitary and Phytosanitary) ដើម្បីជាប្រយោជន៍ក្នុងការនាំចេញ នាំចូលទំនិញកសិកម្មរវាងប្រទេសទាំងពីរ
ទី៤៖ ស្នើជំរុញការផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ល្អដល់កសិករកម្ពុជា លើគម្រោងកសិទេសចរណ៍ក្រោមព្រះរាជតម្រិះផ្តួចផ្តើមរបស់អតីតព្រះមហាក្សត្រថៃ។

ជាការឆ្លើយតប លោកអនុរដ្ឋមន្ត្រីកសិកម្ម និងសហករណ៍ថៃ បានទទួលយកនូវសំណើទាំងនេះទៅពិភាក្សាបន្ថែម និងសន្យាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការល្អលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ទាំងសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិស័យកសិកម្ម ដែលជាវិស័យដ៏សំខាន់មួយក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិកឆ្លើយតបគោលនយោបាយជំរុញសេដ្ឋកិច្ចកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕