ប្រទេសឥណ្ឌូនេស៊ី និងអាម៉េរិកធ្វើសមយុទ្ធយោធារួមគ្នាធំបំផុត

ហ្សាការតា៖បុគ្គលិកយោធារាប់រយនាក់មកពីឥណ្ឌូនេស៊ីនិងអាម៉េរិកកំពុងចូលរួមសមយុទ្ធយោធារួមគ្នារយៈពេល២សប្តាហ៍ ដោយពួកមន្ត្រីបានបានពណ៌នាវាថាជាលំហាត់យោធាធំបំផុតរវាងប្រទេសទាំងពីរ។

ក្រសួងការពារជាតិឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃពុធថា សមយុទ្ធនេះចាប់ពីថ្ងៃ១ដល់១៤សីហានេះ ផ្តោតលើការការពារកោះនិងកំពុងធ្វើនៅ៣ទីតាំង រួមមានកោះ ស៊ូម៉ាត្រា កាលីម៉ាន់តាន់និងស៊ូឡាវេស៊ី ។

វាបន្ថែមថាទាហានឥណ្ឌូនេស៊ី ជាង២.១០០នាក់និងទាហានអាម៉េរិក១.៥០០នាក់កំពុងចូលរួមក្នុងសមយុទ្ធដែលជាផ្នែកនៃសមយុទ្ធប្រចាំឆ្នាំឈ្មោះថាGaruda Shieldដែលត្រូវបានរៀបចំធ្វើតាំងពីឆ្នាំ២០០៩។

ប្រមុខយោធាឥណ្ឌូនេស៊ី បាននិយាយថា សមយុទ្ធនេះមានបំណងធ្វើអោយប្រសើរឡើងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបង្កើនជំនាញយោធានៃកងកម្លាំងប្រទេសទាំងពីរ។វារួមមានការហ្វឹកហាត់លើទីវាល បាញ់គ្រាប់ពិត អាកាសចរណ៍និងលំហាត់វេជ្ជសាស្ត្រ។

សូមបញ្ជាក់ថា អាម៉េរិកបាននិងកំពុងពង្រឹងវត្តមានរបស់ខ្លួននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនិងទាក់ទាញសម្ពន្ធមិត្តនៅពេលការប្រកួតប្រជែងរបស់ខ្លួនជាមួយចិនកាន់តែក្តៅឡើង៕